មួយរយៈចុងក្រោយអ្នកគាំទ្រហាក់ស្រាប់តែនឹកឃើញដល់ David de Gea ជាថ្មី ក៏បន្ទាប់តែទម្រង់ដៃទីមួយ Andre Onana នៅ Man United មិនសមប្រកប របូតគ្រាប់បាល់ញឹកជាងការសង្រ្គោះ។ តែយ៉ាងណាគ្រប់យ៉ាង វាមិនអាចត្រលប់មកវិញបានឡើយ ខណៈអនាគតទៅមុខរបស់កីឡាករអេស្ប៉ាញ មានតែសម្លឹងទៅកាន់ក្លឹបថ្មី ដ្បិតអីពេលនេះ នៅមិនទាន់រកបាន ក៏ចំក្រៅពេលវេលាទីផ្សារដោះដូរបានបិទទ្វារ។
បញ្ជាក់ឲ្យបងប្អូនយល់ច្បាស់បន្តិច លក្ខខណ្ឌ Free Agent ឬកីឡាករឥតតម្លៃខ្លួន ដូចករណី De Gea នៅមានសិទ្ធអាចចរចា ឬយល់ព្រមសំណើក្លឹបណាមួយក៏បាន ដ្បិតបើក្រៅពេលវេលានៃការបើកដំណើរការទីផ្សារដោះដូរ គ្រាន់ថា គេមានត្រឹមឈ្មោះជាសមាជិកក្លឹបនោះប៉ុណ្ណោះ តែបើឲ្យចូលលេង គឺច្បាប់អត់អនុញ្ញាតទេ ពោលរង់ចាំដល់រដូវរងា ឬទីផ្សារដោះដូរថ្មីមួយទៀតបើក ទើបអាចទៅរួច។
អំពីចចាមអារ៉ាមរបស់អ្នកចាំទីវ័យ ៣២ ឆ្នាំ ត្រូវបានសារព័ត៌មាន 90min ចុះផ្សាយ ក៏មានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅ Saudi Pro League ជាក់ស្តែងក្លឹបមានវត្តមានអតីតមិត្តរួមទ្រនំឈរជើងគឺ Al Nassr នោះឯង។ តារាឆ្នើមចាស់វស្សា Cristiano Ronaldo ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល ហៅ De Gea ឲ្យមករួមក្លឹប តែចម្លើយពេលចុងក្រោយគឺ “No” ជារួម De Gea នឹងឆ្លើយ “Yes” សម្រាប់តែសំណើក្លឹបកំពូលណាមួយនៅតំបន់អឺរ៉ុប។
ហេតុផលសំខាន់ គឺផ្តោតលើតម្រូវការនៃចំណង់ក្នុងអាជីពបាល់ទាត់របស់ខ្លួន និងមួយផ្សេងទៀត ពាក់ព័ន្ធនឹងកត្តានៃការរស់នៅ ដែលយល់ថា ភរិយាខ្លួន អ្នកស្រី Edurne Garcia ពិបាកសម្របខ្លួនក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ដោយឡែកអំពីក្លឹបដែលប្រុងនឹងទៅចូលរួមខាងមុខនោះក៏ដូចគ្នា ប្រសិនណា មិនអាចធានាតំណែងដៃទីមួយ ឬជម្រើសដំបូងទៀងទាត់ ក៏ De Gea នឹងមិនទៅចុះចូល ហើយការសម្រេចចិត្តចុងក្រោយ ជ្រើសការចូលនិវត្តពីបាល់ទាត់តែម្តងត្រឹមអាយុ ៣២ ឬ ៣៣ ឆ្នាំ។
រំឭកថយក្រោយបន្តិច នេះជាការបរាជ័យមួយក្នុងចំណោមសំណើបរាជ័យខ្លះយើងមិនធ្លាប់បានដឹងអំពី Ronaldo ក្នុងការដើរតួ ជាអ្នកអូសទាញចិត្តកីឡាករគោលដៅណាមួយ។ ដ្បិតកន្លងទៅ ធ្លាប់ជោគជ័យកាលជំនាន់ Sir Alex Ferguson នៅដឹកនាំ គឺទឹកមាត់ដ៏មានតម្លៃរបស់ CR7 អាចយកបានបងប្អូនភ្លោះមួយគូតែម្តង រួមមាន Rafael និង Fabio da Silva មកកាន់ Old Trafford។
Rafael ជាអតីតកីឡាករនៅ United និងសព្វថ្ងៃជាសមាជិកនៅក្លឹបក្នុងដីកំណើត Botafogo ធ្លាប់បានរៀបរាប់៖ “Ronaldo គាត់ខល់ទូរស័ព្ទមកខ្ញុំដោយផ្ទាល់ ជារឿងដែលខ្ញុំមិនអាចបំភ្លេច ពេលនោះខ្ញុំសួរទៅវិញ តើជានរណា ដល់គាត់និយាយភាសាព័រទុយហ្គាល់មកខ្ញុំប៉ុន្មានម៉ាត់ ក៏ដឹងថាជា Ronaldo ហើយខ្ញុំប្រញាប់រត់ទៅរថយន្តក្រុងនៃក្លឹបចាស់របស់ខ្ញុំ ដោយប្រាប់អ្នករាល់គ្នាថា នេះជា Ronaldo កំពុងខល់មក”។
គេបន្តថា៖ “Ronaldo គាត់និយាយថា នៅ Manchester កំពុងភ្លៀង យ៉ាងណាគាត់ខល់មកនេះ គឺចង់ឲ្យអ្នកចុះហត្ថលេខាចូលរួម សម្រាប់ក្លឹប Manchester United ខ្ញុំអត់ចង់ជឿទេ វាពិតជាអស្ចារ្យណាស់អារម្មណ៍ពេលនោះ”។
ថយក្រោយទៅមើលប្រវត្តិឈរជើងរបស់បងប្អូនភ្លោះទាំងពីរបន្តិច ដោយ Rafael លេងការពារស្លាបស្តាំ បានចាយពេលឲ្យ United ចន្លោះឆ្នាំ ២០០៨ ដល់ ២០១៥ ហើយ Fabio ក៏តំណែងការពារស្លាប ចាកចេញមុននោះមួយឆ្នាំទៅកាន់ Cardiff៕