Newcastle United ធានាកៅអី UCL នៅឆ្នាំក្រោយ បន្ទាប់ពីស្មើ Leicester

ខែ​ឧសភា 23, 2023

Newcastle បានធានាកៅអីលេងនៅក្របខណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំជាមួយនឹងលទ្ធផលស្មើដោយគ្មានគ្រាប់បាល់ទល់នឹងក្រុម Leicester City ដែលកំពុងរងការគំរាមកំហែងពីការកាត់ចោលនៅរដូវកាលនេះ។ ក្រុមរបស់អ្នកចាត់ការ Eddie Howe គ្មានសំណាងនៅក្នុងការរកគ្រាប់បាល់ទៅលើក្រុមកញ្ជ្រោងឡើយ ដែលប៉ះបង្គោលទី៣ដង ប៉ុន្តែលទ្ធផលគឺគ្រប់គ្រាន់សម្រាប់ក្រុមសារិកាព្រៃ ក្នុងការវិលត្រលប់ទៅកាន់ការប្រកួតពានរង្វាន់ Champions League នៅរដូវកាលក្រោយ។

Newcastle មាន ៤ពិន្ទុដាច់ពីក្រុមលេខ៥ Liverpool ដែលត្រូវលេងប្រកួតចុងក្រោយ នៅចុងសប្ដាហ៍នេះ ខណៈដែល Leicester នៅតែស្ថិតក្នុងតំបន់កាត់ចោល ខ្វះ២ពិន្ទុពីតំបន់សុវត្ថិភាព។ ក្នុងរដូវកាល២០០២-០៣ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Sir Bobby Robson គឺជារដូវកាលចុងក្រោយដែលក្រុម Newcastle បានលេងនៅ Champions League ។

វាគឺជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយចាប់តាំងពីលោក Eddie Howe ចូលកាន់តំណែងកាលពី ១៨ខែមុន គឺមួយខែបន្ទាប់ពីការលក់ក្លិបតម្លៃ ៣០៥ លានផោនទៅឱ្យម្ចាស់ក្លិបអារ៉ាប៊ីសាអូឌីត ដែលគ្រានោះ ពួកគេស្ថិតនៅបាតតារាងនៃក្របខណ្ឌ Premier League ៕