ដោយបានយកឈ្នះក្នុងលទ្ធផល 1-0 លើម្ចាស់ជើងឯក Premier League ក្រុម Manchester City ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ Arsenal នឹងប៉ះ Chelsea របស់លោក Mauricio Pochettino នៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃសៅរ៍។
ក្រុមកាំភ្លើងធំបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 2 ក្នុងតារាង មិនទាន់ចាញ់ និងមានពិន្ទុស្មើគ្នាជាមួយនឹងក្រុមកំពូលតារាង Tottenham នៃភាគខាងជើង ទីក្រុងឡុងដ៍។
លើសពីនេះទៅទៀត ខណៈពេលដែល Pochettino ស៊ូទ្រាំនឹងការចាប់ផ្តើមដ៏លំបាកក្នុងអាជីពដឹកនាំនៅ Chelsea ក្រុមរបស់គាត់មានការងើបឡើងវិញ បន្តិចក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានឈ្នះបីដងជាប់ៗគ្នានៅគ្រប់ការប្រកួតទាំងអស់។
នៅមុនការប្រកួតនេះ Arteta ពោរពេញដោយការសរសើរចំពោះសមភាគី Chelsea ដោយបន្ថែមថា Pochettino បានផ្តល់ដំបូន្មានដ៏ឈ្លាសវៃមួយចំនួន ដល់គាត់ មុនពេលចាប់យកអាជីពជាអ្នកគ្រប់គ្រងរបស់គាត់។ Arteta បានប្រាប់សារព័ត៌មានថា៖
“Pochetinno បានដាស់តឿនខ្ញុំ កុំឲ្យធ្វើជាគ្រូបង្វឹក។ វាពិបាកពេក។ ខ្ញុំដឹងថាគាត់នឹងក្លាយជាគ្រូបង្វឹក។ ខ្ញុំបានតាមដានគាត់យ៉ាងជិតស្និទ្ធ។ ក្នុងនាមជាកីឡាករ គាត់មានភាពជាអ្នកដឹកនាំ។ ខ្ញុំធ្លាប់មានគាត់នៅចាំជួយពីក្រោយ ហើយគាត់តែងតែបង្វឹកខ្ញុំ។
ពួកយើងរស់នៅជាមួយគ្នាក្នុងសណ្ឋាគាររយៈពេល 3 ខែ។ វាមានសារៈសំខាន់ណាស់។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមាន ឥទ្ធិពលបំផុតក្នុងអាជីពបាល់ទាត់របស់ខ្ញុំ។ គាត់ចាប់ខ្ញុំដាក់ក្រោមដៃគាត់ ហើយមើលថែខ្ញុំដូចជាប្អូនប្រុសអីចឹង”៕