ក្រុមកីឡាបាល់ទាត់ឈុតស៊ីហ្គេម អាយុក្រោម ២២ឆ្នាំកម្ពុជា ត្រូវប្រកួតជាមួយម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ពានរង្វាន់ Merlion Cup 2023 នាថ្ងៃទី២៤ ខែមីនា វេលាម៉ោង ៤ រសៀល [ម៉ោងកម្ពុជា] នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី។ ជំនួប២លើកមុនៗ នាអំឡុងឆ្នាំ២០១៩ ក្នុងពានរង្វាន់ថ្នាក់តំបន់អាស៊ាន U-22 ម៉ាឡេស៊ី មិនធ្លាប់ឈ្នះកម្ពុជា ឡើយ។
ជំនួប ២ប្រកួត នាឆ្នាំ២០១៩ ក្នុងតំបន់អាស៊ាន ក្រុមម៉ាឡេស៊ីអាយុក្រោម ២២ឆ្នាំ មិនធ្លាប់ឈ្នះកម្ពុជា ទេ។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ U-22 កម្ពុជា បានយកឈ្នះ ក្រុមម៉ាឡេស៊ី ក្នុងលទ្ធផល១-០ ក្នុងព្រឹត្តិការណ៍ 2019 AFF U-22 Youth Championship។ គ្រាប់ជ័យជម្នះនោះ ធ្វើបានដោយកីឡាករ សេត រ៉ូស៊ីប នៅនាទី៦២។
ចំណែកជ័យជម្នះទី២ នាឆ្នាំដដែលនោះ នៅថ្ងៃទី៤ ខែធ្នូ កម្ពុជា បានឈ្នះ ក្រុមនេះ ក្នុងលទ្ធផល៣-១ ក្នុងការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។ កីឡាករ ៣រូប ដែលស៊ុតបញ្ចូលទីនាព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនោះ មាន អ៊ិន សូដាវីដ (នាទី៥៦), សៀង ចន្ធា (នាទី៥៧) និង កែវ សុខផេង (នាទី៦៨)។
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda ក្នុងចំណោមកីឡាករ៤រូបខាងលើ ដែលធ្លាប់បានស៊ុតបញ្ចូលទីឲ្យកម្ពុជានាពេលនោះ មានតែសៀង ចន្ថា ខ្សែប្រយុទ្ធក្រុមបឹងកេតតែម្នាក់គត់ ដែលនឹងមានវត្តមានប្រកួតក្នុងជំនួបក្នុងព្រឹត្តិការណ៍ Merlion ឆ្នាំ២០២៣។ ចំណែកកីឡាករផ្សេងទៀត មិនបានជាប់ក្នុងក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំទេ ព្រោះលើសអាយុ។
ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិជប៉ុន Keisuke Honda តើឈុតស៊ីហ្គេមឆ្នាំ២០២៣ របស់កម្ពុជានេះ អាចបន្តយកឈ្នះ ម៉ាឡេស៊ីបានដែរឬទេ?
ក្នុងថ្ងៃជាមួយគ្នានេះ វេលាម៉ោង ៧:៣០យប់ ពោលនៅក្រោយបញ្ចប់ការប្រកួតរវាងកម្ពុជា-ម៉ាឡេស៊ី ម្ចាស់ផ្ទះ សិង្ហបុរី ត្រូវប្រកួតជាមួយ ក្រុមភ្ញៀវហុងកុង នៅកីឡដ្ឋាន Jalan Besar ដដែល។
គួរបញ្ជាក់ថា ការប្រកួតនេះ មានតែ៤ក្រុមចូលរួមប្រកួតតែប៉ុណ្ណោះ។ ចំពោះការប្រកួតបន្ទាប់ ក្រុមឈ្នះ ត្រូវជួបគ្នា ដណ្ដើមយកជើងឯក ហើយក្រុមចាញ់ ត្រូវប៉ះគ្នា ដណ្ដើមយកលេខ៣។ នេះ ជារដូវកាលទី៩ហើយ ដែលពានរង្វាន់ Merlion បានប្រព្រឹត្តទៅ បន្ទាប់ពីការប្រកួតដំបូងនាឆ្នាំ១៩៨២។
ចាប់តាំងពីបង្កើតនាឆ្នាំ១៩៨២ ពានរង្វាន់ Merlion បានធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ១៩៨៦ ហើយក៏បានខកខាន។ លុះមកដល់ឆ្នាំ១៩៩២ ព្រឹត្តិការណ៍នេះ ក៏ត្រូវបានចាប់ធ្វើម្ដងទៀត ហើយក៏ខកខានម្ដងទៀត រហូតដល់ឆ្នាំ២០០៩។ បន្ទាប់ពីឆ្នាំនោះមក ពានរង្វាន់ Merlion ត្រូវបានផ្អាក់ការប្រកួតអស់រយៈពេល ១ទសវត្យ ហើយក៏ចាប់បន្ដប្រកួតវិញ នៅឆ្នាំ២០១៩។
នាចុងឆ្នាំ២០១៩ ដោយសារតែបញ្ហាកូវីដ-១៩ ពានរង្វាន់មួយនេះ ត្រូវបានលើកពេល រហូតមកដល់ឆ្នាំ២០២៣ ដែលមានវត្តមានជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ចូលរួមប្រកួត៕