ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានដាក់សំណើរដេញថ្លៃ 42.7 លានផោន (50 លានអឺរ៉ូ) សម្រាប់ខ្សែបម្រើ Matheus Nunes របស់ក្លឹប Wolverhampton Wanderers។
យើងបានដឹងហើយថា Man City កំពុងនឹងត្រូវការការចុះហត្ថលេខាលើខ្សែបម្រើយ៉ាងហោចណាស់ម្នាក់ ដើម្បីមកជំនួស Ilkay Gundogan ដែលបានចាកចេញទៅ Barcelona។
ក្រៅពីបាត់បង់ខ្សែបម្រើឆ្នើមម្នាក់ដែលចាកចេញទៅទឹកដីអេស្ប៉ាញនោះ របួសរយៈពេលយូររបស់ Kevin De Bruyne នៅថ្ងៃប្រកួតបើករដូវកាល Premier League ក៏បានជម្រុញកាន់តែខ្លាំងដល់ Man City ត្រូវតែចុះហត្ថលេខាលើកីឡាករចំណូលថ្មីឲ្យបានមុនពេលនៃទីផ្សារដោះដូររដូវក្ដៅនេះត្រូវបិទ។
ដំបូងឡើយ Man City បានដាក់គោលដៅលើ Lucas Paqueta របស់ក្លឹប West Ham United ប៉ុន្តែក្រោយមកក៏បានបោះបង់ការដេញថ្លៃលើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ព្រោះ FIFA កំពុងស៊ើបអង្កេតលើ Lucas Paqueta ដែលជាប់ពាក់ព័ន្ធនឹងការលេងល្បែងភ្នាល់ខុសច្បាប់។
ជាលទ្ធផល Man City បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់ជម្រើសដែលមានសក្តានុពលផ្សេងទៀតទៅលើខ្សែបម្រើ Matheus Nunes និង Eberechi Eze របស់ Crystal Palace។
ក្លឹបយក្សនៅអង់គ្លេសមួយនេះក៏ពេញចិត្តខ្លាំងចំពោះ Eberechi Eze ដែរ ប៉ុន្តែគេបានដឹងថា តម្លៃខ្លួនរបស់គាត់គឺរហូតដល់ 70 លានផោន ហើយធ្វើឲ្យ Man City ងាកមករក Matheus Nunes ដែលជាជម្រើសថោកជាង។
យោងតាមអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា នៅពេលឆាប់ៗនេះ ក្រុមរបស់លោក Pep Guardiola នឹងដាក់ការដេញថ្លៃជាលើកដំបូងក្នុងរង្វង់ទឹកប្រាក់ប្រហែលជា 50 លានអឺរ៉ូ (42.7 លានផោន)។ ប្រភព: Sportsmole