ក្លិប Manchester City ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទាមទារតម្លៃខ្លួនប្រមាណ ៥០លានផោន ដើម្បីអនុញ្ញាតឱ្យកីឡាករ Kalvin Phillips ចាកចេញពីក្លិបបាននៅឆ្នាំក្រោយ។
ជារពិតណាស់ អតីតកីឡាកររបស់ Leeds United ហាក់មិនអាចទទួលបានអ្វីដូចការរំពឹងទុកនៅទឹកដី Etihad នោះឡើយ ចាប់តាំងពីបានមកដល់នៅក្នុងឆ្នាំ ២០២២ ដោយបង្ហាញខ្លួនបានត្រឹមតែ ២៧ ប្រកួតប៉ុណ្ណោះ និងមិនទាន់អាចរកគ្រាប់បាល់បញ្ចូលទី ឬ assist នៅឡើយ។
គួរឱ្យដឹងថា កុងត្រារបស់ Phillips ជាមួយក្លិប នៅតែបន្តរហូតដល់ឆ្នាំ ២០២៨ ឯណោះ ប៉ុន្តែយ៉ាងណាក៏ដោយថ្មីៗនេះ ក្លិបបានប្រកាសថានឹងទទួលយកសំណើសមរម្យមួយ ដើម្បីអាចឱ្យគេចាកចេញពីក្លិបបាននៅពេលទីផ្សារដោះដូរបើកឡើងវិញ។
ជម្រាបជូនផងដែរថា ទាំង Phillips និង Pep Guardiola សុទ្ធតែមិនបានបដិសេធចំពោះឱកាសនៃការចេញ នៅឆ្នាំក្រោយ ហើយបើតាមការចុះផ្សាយពី The Mirror បានអះអាងថា Man City ចង់បានប្រាក់ចំណេញលើស ពីតម្លៃខ្លួន ៤២លានផោន ដែលពួកគេធ្លាប់បានសម្រាប់កីឡាកររូបនេះ កាលពីឆ្នាំមុន៕