ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានផ្តល់ជូនការដេញថ្លៃ ៥១លានផោន លើកីឡាករខ្សែបម្រើ Federico Valverde របស់ក្លឹបអធិរាជស Real Madrid ប៉ុន្តែត្រូវបានបដិសេធភ្លាមៗ ដោយក្លឹបយក្សអេស្ប៉ាញមួយនេះ បានបញ្ជាក់ថា ខ្សែបម្រើរូបនេះមិនស្ថិតក្នុងបញ្ជីសម្រាប់លក់ក្នុងកាលៈទេសៈណាក៏ដោយ។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះគឺជាតួអង្គសំខាន់សម្រាប់ក្រុម Real Madrid ក្នុងអំឡុងរដូវកាលឆ្នាំ ២០២២-២០២៣ ដោយបានបង្ហាញខ្លួនបាន ៥៦ ដងក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដង។
កីឡាករ Valverde បានចុះកិច្ចសន្យាបន្តជាមួយក្លឹបអធិរាជស កាលពីខែសីហា ឆ្នាំ ២០២១ ដោយកិច្ចព្រមព្រៀងរបស់គាត់មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៧ ប៉ុន្តែថ្មីៗនេះមានការរំពឹងទុកជុំវិញអនាគតរបស់កីឡាកររូបនេះ។
យោងតាមសារព័ត៌មាន El Nacional គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp ជាអ្នកដែលកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករអាមេរិកខាងត្បូង ទោះជាយ៉ាងណាក៏ដោយក្លឹបអធិរាជស គ្មានបំណងលក់កីឡាកររូបនេះឡើយ៕