Juventus ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបដកឈ្មោះចេញពីការប្រកួត Europa Conference League រដូវកាលថ្មីនេះក្រោយពី UEFA បានរកឃើញកំហុសនិងពិន័យជាប្រាក់សម្រាប់ការបំពានច្បាប់ហិរញ្ញវត្តុ Financial Fair Play (FFP) ។
ជាមួយគ្នានោះដែរស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបក៏បានដាក់ពិន័យក្រុមតោខៀវ Chelsea ផងដែរសម្រាប់ការបំពានច្បាប់ FFP ក្រោមហេតុផលបញ្ជូនព័ត៌មានហិរញ្ញវត្ថុមិនពេញលេញលើការផ្ទេរកីឡាករ។
UEFA បានបញ្ជាក់ថាបញ្ហានេះទាក់ទងទៅនឹងប្រតិបត្តិការដែលបានកើតឡើងចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៩ ខណៈJuventus ត្រូវបានពិន័យជាទឹកប្រាក់ ១៧.១៤ លានផោន ខណៈ Chelsea ត្រូវបានពិន័យ ៨.៥៧ លានផោន។
ក្លឹបអ៊ីតាលីនឹងត្រូវបង់តែពាក់កណ្តាលនៃការផាកពិន័យរបស់ពួកគេ និងត្រូវបង់ផ្តាច់កំលុងរយៈពេល ៣ ឆ្នាំខាងមុខអនុលោមតាមបទប្បញ្ញត្តិ ខណៈ Chelsea បានយល់ព្រមបង់ទៅតាមតួលេខជាក់ស្តែងតែម្តង ។
សម្រាប់ Chelsea រដូវកាលចាស់ពួកគេបានចាយប្រាក់រហូតដល់ទៅ ៦០០ លានផោនលើការនាំចូលកីឡាករថ្មី ១៩ នាក់ចាប់តាំងពីម្ចាស់ថ្មី Todd Boehly ចូលកាន់តំណែងក្នុងខែឧសភាឆ្នាំ ២០២២ ប៉ុន្តែការផាកពិន័យរបស់ពួកគេគឺមានរយៈពេលសរុបរហូតដល់ទៅ ប្រាំពីរឆ្នាំពោលគឺគិតចាប់តាំងពីលោក Roman Abramovich នៅគ្រប់គ្រងក្លឹបមកម្លេះ។