Henderson បានធ្វើជាប្រធានក្រុមអង់គ្លេសអំឡុងពេលប្រកួតឈ្នះ 1-0 ទល់នឹងអូស្ត្រាលីកាលពីថ្ងៃសុក្រ។ ពេលត្រូវបានប្តូរចេញ គាត់ត្រូវបានអ្នកគាំទ្រ មួយក្រុមធំនៅ Wembley ស្រែកឌឺដង។
ថ្លែងទៅកាន់សារព័ត៌មានក្រោយការប្រកួត មិត្តរួមក្រុមជម្រើសជាតិអង់គ្លេស Maguire ដែលខ្លួនឯងក៏បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ ខ្លួនឯង បានចេញមុខការពារ Henderson។ គាត់បាននិយាយថា៖
“អ្នកគាំទ្រអង់គ្លេសត្រឹមត្រូវមិនស្រែកឌឺដងកីឡាករទេ។ ពួកគេមិនឌឺដងកីឡាករដែលលេងឱ្យប្រទេសរបស់ពួកគេ ហើយលះបង់ជីវិតរបស់ ពួកគេដើម្បីលេង និងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីធ្វើឱ្យប្រទេសនេះមានអនុស្សាវរីយ៍ល្អ និងពេលវេលាពិសេសសម្រាប់ ពួកគេ សម្រាប់អ្នកគាំទ្រ និងក្រុមគ្រួសាររបស់ពួកគេនោះទេ។
ខ្ញុំស្គាល់អ្នកគាំទ្រអង់គ្លេសកំពូលៗជាច្រើន ហើយពួកគេគឺជាអ្នកគាំទ្រអង់គ្លេសដែលនៅជាមួយខ្ញុំតាំងពីខ្ញុំបង្ហាញខ្លួនលើកដំបូង។ ពួកគេនៅពីក្រោយខ្ញុំ ហើយពួកគេនៅពីក្រោយ Jordan ផងដែរ។
អ្នកឮសំឡេងហ៊ោសាទរជាច្រើន និងមានការស្រែកឌឺដងខ្លះៗដែរ ប៉ុន្តែពួកគេមិនមែនជាអ្នកគាំទ្រអង់គ្លេសនោះទេ”៕