កាលពីថ្ងៃពុធ ពានរង្វាន់ Ballon d’Or បានប្រកាសចេញនូវបញ្ជីបេក្ខភាពចំនួន ៣០ នាក់របស់ខ្លួនសម្រាប់ការប្រកួតប្រជែងប្រចាំឆ្នាំ ដោយអ្នកឈ្នះ នឹងត្រូវបានបង្ហាញនៅទីក្រុងប៉ារីសនៅថ្ងៃទី៣០ ខែតុលា។
ម្ចាស់ជើងឯក World Cup ២០២២ តារាឆ្នើមអាហ្សង់ទីន Messi ដែលបានឈ្នះពានរង្វាន់នេះច្រើនជាងគេ ចំនួន ៧ ដង បានក្លាយជាបេក្ខភាពដ៏សក្តិសម នៅក្នុងចិត្តមនុស្សជាច្រើនក្នុងការដណ្តើមពានរង្វាន់កំពូលមួយនេះ។
Haaland ទំនងជាគូប្រជែងដ៏ស្រួចស្រាលបំផុតរបស់ Messi ដោយស៊ុតបញ្ចូលទីបាន ៥២ គ្រាប់គួរឱ្យកត់សម្គាល់ក្នុងរដូវកាលដំបូងរបស់គាត់សម្រាប់ Manchester City និងឈ្នះពានរង្វាន់បី។ កីឡាករអន្តរជាតិន័រវេសគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងប្រាំពីររបស់ City ដែលបានជាប់ក្នុងបញ្ជី បេក្ខភាពចំនួន ៣០ នាក់។
ហើយអតីតខ្សែបម្រើ Chelsea និងស្កុតឡេន លោក Craig Burley បានទទូចថា ប្រសិនបើ Haaland ខកខានឈ្នះពានរង្វាន់នេះទៅ Messi នោះ កីឡាករវ័យ ២៣ ឆ្នាំរូបនេះគួរតែបដិសេធចូលរួមក្នុងកម្មវិធីនេះអស់មួយជីវិត។
Burley បានប្រាប់ ESPN ថា៖“Lionel Messi បានឈ្នះ World Cup ហើយវាជាសមិទ្ធិផលដ៏អស្ចារ្យ ប៉ុន្តែវាជារយៈពេល ៤ សប្តាហ៍ប៉ុណ្ណោះ។ ទម្រង់លេងនៅលីគទូទៅរបស់គាត់មិនល្អបំផុតនោះទេ។ លេងនៅ PSG អាក្រក់មើលណាស់។
Erling Haaland? ស៊ុតជាង ៥០ គ្រាប់ ឈ្នះពាន Premier League ពាន FA Cup និង Champions League។ Erling Haaland គួរតែឈ្នះពានរង្វាន់នេះ។
ប្រសិនបើខ្ញុំជា Erling Haaland ខ្ញុំនឹងមិនត្រលប់ទៅកម្មវិធីពាន Ballon d’Or ទៀតទេក្នុងជីវិតរបស់ខ្ញុំ មិនធ្វើដូច Robert Lewandowski អញ្ចឹងទេ បើ Messi ជាអ្នកឈ្នះនៅឆ្នាំនេះមែន”៕