Cristiano Ronaldo បានសម្រេចចិត្តចាត់វិធានការតាមផ្លូវច្បាប់ដើម្បីប្តឹងទៅកាន់អតីតក្លឹបរបស់គាត់គឺក្លឹបសេះបង្កង់ Juventus ដោយសារតែរឿងលុយ។ យោងតាមសារព័ត៌មាន Gazzetta Dello Sport បានឲ្យដឹងថា CR7 មិនទទួលបានប្រាក់ឈ្នួលពីក្លឹប Juventus នោះទេអំឡុងពេលពិភពលោកកំពុងតែជួបប្រទះជំងឺរាតត្បាត COVID-19 ដែលចំនួនទឹកប្រាក់ដែលក្លឹបបានជំពាក់ Ronaldo នោះគឺមានចំនួន 20 លានអឺរ៉ូ។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន Marca បានបង្ហាញថាអ្នកស៊ើបអង្កេតនៃការិយាល័យរដ្ឋអាជ្ញាសាធារណៈបានរកឃើញឯកសារសម្ងាត់ដែលចុះហត្ថលេខាដោយ Ronaldo និង Juventus ។ កិច្ចសន្យាសម្ងាត់នោះបានសរសេរថា ក្លឹប Juventus និងសន្យាបង់ប្រាក់ឲ្យតារាឆ្នើមព័រទុយហ្គាល់ចំនួន 20 លានអឺរ៉ូ បើទោះបីជាមានការប្រែប្រួលប្រាក់ឈ្នួលក្នុងអំឡុងពេល COVID-19 នោះក៏ដោយ។
ប៉ុន្តែ Cristiano Ronaldo មិនទាន់ទទួលបានចំនួនទឹកប្រាក់ខាងលើនោះទេ ជាហេតុធ្វើឲ្យគាត់និងចាត់ការជាមួយក្លឹប Juventus តាមផ្លូវច្បាប់ដោយប្តឹងទៅកាន់រដ្ឋអាជ្ញាទីក្រុង Turin ជាអ្នកដោះស្រាយឲ្យ ៕