អនាគតរបស់ Joao Felix កំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិល ក្រោយពីកីឡាករវ័យក្មេងព័រទុយហ្គាល់បានបង្ហាញបំណងចង់ទៅលេងនៅក្លិបគូប្រជែងគឺ Barcelona។
ក្លឹប Atletico Madrid ក្រោមការបញ្ជាក់របស់ទូរទស្សន៍ព័រទុយហ្គាល់ CMTV បានផ្តល់ឱសានវាទដល់ Joao Felix ប្រសិនបើគាត់ចង់ចាកចេញនៅរដូវក្តៅនេះ គាត់ត្រូវតែសុំទោសជាសាធារណៈចំពោះការលើកឡើងរបស់គាត់អំពីការចង់ទៅលេងនៅ Barcelona ។
លោក Simeone បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានកីឡាករណាម្នាក់នៅពីលើក្លិប Atletico Madrid ឡើយ ហើយជាលទ្ធផលគ្រូបង្វឹកអាហ្សង់ទីនរូបនេះបានទុក Joao Felix ឱ្យអង្គុយនៅកៅអីបម្រុងសម្រាប់ការប្រកួតដំបូងនៃ Pre-Season របស់ពួកគេ។
AT មិនសប្បាយចិត្តជាខ្លាំងបន្ទាប់ពីការប្រកាសជាសាធារណៈអំពីសេចក្តីស្រឡាញ់របស់ Felix ចំពោះ Barcelona ហើយបើយោងតាម ‘CMTV’ ពួកគេបានទាមទារការសុំទោសពីខ្សែប្រយុទ្ធរូបនេះ។
ក្លិប Atletico Madrid ចង់បានការសុំទោសពីតារាវ័យក្មេងសញ្ជាតិព័រទុយហ្គាល់ ចំពោះការលើកឡើងរបស់គាត់ជុំវិញការចង់ផ្លាស់ទៅក្លឹប Barcelona ដែលជាគូប្រកួតប្រជែងរបស់ពួកគេ។
ក្លឹបបានសម្រេចចិត្តថា ពួកគេនឹងស្តាប់ការផ្តល់ជូនសម្រាប់ Felix ប្រសិនបើគាត់សុំទោសជាសាធារណៈចំពោះក្លឹប និងអ្នកគាំទ្ររបស់ពួកគេ។
យោងតាមសារព័ត៌មានព័រទុយហ្គាល់បានឱ្យដឹងថា Benfica ចង់បាន Felix ត្រលប់ទៅវិញ ហើយ Atletico ចាប់អារម្មណ៍លើ Goncalo Ramos ជំនួស។
ជាមួយគ្នានេះ មានក្លិបជាច្រើនផ្សេងទៀតដែលចាប់អារម្មណ៍ចង់បាន Felix ដូចជា Galatasaray, Aston Villa និង Barcelona ។ សម្រាប់ជម្រើសឈានមុខគេគឺក្លិប Barcelona ដែល Joao Felix
បង្ហាញក្ដីសុបិន្តចង់ទៅលេងនៅទីនោះ ប៉ុន្តែការផ្លាស់ប្ដូរនេះអាចនឹងពិបាកសម្រេចបាន ដោយសារតែបទប្បញ្ញត្តិ Financial Fair Play នៅក្របខណ្ឌ LaLiga ដូច្នេះវាហាក់ដូចជាគាត់នឹងមិនចូលរួមជាមួយក្រុមរបស់លោក Xavi Hernandez នៅរដូវក្ដៅនេះនោះទេ៕