រដូវកាលថ្មី២០២៣/២៤ មិនទាន់បានចាប់ផ្ដើមនៅឡើយទេ ប៉ុន្តែតើអ្នកទាំងអស់គ្នាចង់ដឹងអត់ថា តើក្លិបណាមានភាគរយខ្ពស់អាចក្ដោបតំណែងជើងឯកនៅលីគយក្សទាំង ៥ របស់អឺរ៉ុបបាន?
បើតាមការសាកសួរទៅកាន់បញ្ញាសិប្បនិម្មិត AI បានព្យាករណ៍ក្លិបដែលអាចឈ្នះជើងឯកនៅលីគកំពូលទាំង ៥ ប្រចាំទ្វីបអឺរ៉ុបសម្រាប់រដូវកាល ២០២៣/២៤៖
លីគកំពូលអង់គ្លេស Premier League គឺបានទៅលើក្លិប Manchester City
លីគកំពូលអេស្បាញ La Liga គឺបានទៅលើក្លិប Real Madrid
លីគកំពូលអ៊ីតាលី Serie A គឺបានទៅលើក្លិប AC Milan
លីគកំពូលអាល្លឺម៉ង់ Bundesliga គឺបានទៅលើក្លិប Borussia Dortmund
លីគកំពូលបារាំង Ligue 1 គឺបានទៅលើក្លិប Paris Saint-Germain
ការទស្សន៍ទាយទាំងនេះគឺផ្អែកលើកត្តាមួយចំនួន រួមទាំងទម្រង់លេងក្រុមបច្ចុប្បន្ន សកម្មភាពផ្ទេរថ្មីៗរបស់ពួកគេ និងកត្តារួមផ្សំមួយចំនួនផ្សេងទៀត។
Manchester City គឺជាក្រុមការពារជើងឯក Premier League និងជាក្រុមលេចធ្លោជាងគេនៅក្នុងបាល់ទាត់អង់គ្លេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ពួកគេមានក្រុមខ្លាំង ជាមួយនឹងបទពិសោធន៍ក្រាស់ក្រែល និងយុវជនឆ្នើមៗ ហើយពួកគេក៏បានធ្វើការចុះហត្ថលេខាសំខាន់ៗមួយចំនួនផងដែរ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅដូចជា Mateo Kovačić និង Joško Gvardiol ជាពិសេសការមាន Erling Haaland ដែលជាម៉ាស៊ីនរកគ្រាប់។ AI ព្យាករណ៍ថា គ្មានអ្វីអាចបញ្ឈប់ Man City នៅរដូវកាល ២០២៣/២៤ នេះបានឡើយ។
Real Madrid បានត្រឹមជាជើងឯករង La Liga កាលពីរដូវកាលមុន ហើយពួកគេតែងតែជាគូប្រជែងដណ្តើមពានគ្រប់រដូវកាល។ Real Madrid មានក្រុមដែលមានបទពិសោធន៍ច្រើនជាមួយនឹងកីឡាករលំដាប់ពិភពលោកមួយចំនួនដូចជា Vinicius Junior, Toni Kroos និង Luka Modric បើទោះបីជាមានការចាកចេញរបស់ Karim Benzema ក៏ដោយ។ ពួកគេក៏បានចុះហត្ថលេខាលើកីឡាករល្អៗមួយចំនួនផងដែរ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះដូចជា Jude Bellingham និង Fran García។
AC Milan បានឈ្នះ Serie A កាលពីរដូវកាល២០២១/២២ ជាលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំ ខណៈរដូវកាលមុនបានត្រឹមលេខ៤ ក្នុងលីគ។ ពួកគេមានក្រុមក្មេងៗ និងគួរឱ្យចាប់អារម្មណ៍ ហើយពួកគេក៏បានបង្កើតការចុះហត្ថលេខាដ៏ល្អមួយចំនួនផងដែរ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅដូចជា Christian Pulisic, Tijjani Reijnders និង Ruben Loftus-Cheek។ AC Milan នឹងក្លាយជាគូប្រជែងដ៏សំខាន់មួយ សម្រាប់ពានរង្វាន់លីគកំពូលអ៊ីតាលីម្តងទៀតនៅរដូវកាលនេះ។
Borussia Dortmund គឺជាក្រុមដែលមានទម្រង់លេងល្អស្ទើរគ្រប់រដូវកាល។ កាលពីរដូវកាលមុន Dortmund ប៊ីះនឹងក្លាយជាជើងឯកអាល្លឺម៉ង់បាត់ទៅហើយ ប៉ុន្តែបែរជារបូតទៅក្នុងកណ្ដាប់ដៃគូប្រជែង Bayern Munich ទៅវិញ។ Dortmund សម្បូរទៅដោយកីឡាករក្មេងៗមានទេពកោសល្យជាច្រើន ដែលអាចមានសមត្ថភាពអាចប្រជែងពានបាន។
Paris Saint-Germain គឺជាក្រុមដែលខ្លាំងជាងគេនៅបារាំងនាពេលបច្ចុប្បន្ននេះ ពួកគេក៏ជាក្រុមការពារតំណែងជើងឯកផងដែរ។ បើទោះបីជាមានការចាកចេញរបស់កីឡាករលំដាប់ពិភពលោកមួយចំនួនដូចជា Lionel Messi និង Ramos រួមទាំងចរចាមអារ៉ាមពីការចង់ចាកចេញរបស់ Mbappe និង Neymar ក៏ដោយ ក៏ពួកគេនៅតែជាក្រុមមានសមត្ថភាពខ្ពស់ជាងគេ។ PSG ក៏បាននាំចូលកីឡាករថ្មីៗជាច្រើនផងដែរដូចជា Marco Asensio, Lucas Hernandez, Milan Škriniar និង Gonçalo Ramos ជាដើម។ ដូច្នេះ PSG នៅតែមានភាគរយខ្ពស់ជាងគេក្នុងការឈ្នះពាន Ligue 1 នៅរដូវកាលថ្មី២០២៣/២៤ ជាថ្មីម្ដងទៀត៕