លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម២០ឆ្នាំ មិនរំពឹងលទ្ធផលទុកមុនឡើយសម្រាប់ជំនួបដំបូងទល់ក្រុមម៉យ៉ាន់ម៉ា ក្នុងការប្រកួតព្រឹត្តិការណ៍ AFC U-20 Woman’s Asian Cup។ ចំណែកលោកស្រី SAN San Thein គ្រូជម្រើសជាតិនារី U-20 មីយ៉ាន់ម៉ា មិនទាន់ត្រៀមលក្ខណៈល្អទេសម្រាប់ជំនួបនេះ ព្រោះកីឡាការិនី ភាគច្រើជាសិស្សវិទ្យាល័យ ដែលកំពុងមមាញឹកនឹងការប្រឡង។
មុនជំនួបក្រុមកម្ពុជានារី U-20 ជាមួយមីយ៉ាន់ម៉ា នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN វេលាម៉ោង ៤:០០ ល្ងាច លោក ប្រាក់ វុទ្ធី បានអះអាងក្នុងសន្និសីតសារព័ត៌មានថា ក្រុមលោកមិនបានត្រៀមលក្ខណៈច្រើនណាស់ណាទេ ដោយគ្រាន់តែហ្វឹកហាត់ធម្មតា ប៉ុន្ដែកីឡាការិនីទាំងនោះ មានស្មារតី និងឆន្ទៈរួមខ្ពស់ ព្រោះចង់ប្រកួតអន្ដរជាតិ ដើម្បីជាតិ។ កីឡាការិនីកម្ពុជាភាគច្រើន មានបទពិសោធន៍ប្រកួតអន្ដរជាតិ និងប្រកបអាជីពក្នុងលីគនារីរបស់កម្ពុជា។
បើទោះក្រុម U-20 កម្ពុជា មានភាពវិជ្ជមានច្រើនក្នុងជំនួបនេះ ប៉ុន្ដែ លោកប្រាក វុទ្ធី មិនបានមើលស្រាលគូប្រកួតទេ ដោយ ជឿថាលទ្ធផលឈ្នះចាញ់ ហេតុការណ៍ផ្សេងៗអាចកើតមាន គ្រប់ការប្រកួត។ ដូច្នេះហើយ គ្រូជម្រើសជាតិនេះ លើកទឹកចិត្តឲ្យកូនក្រុមមានស្មារតីប្រុងប្រយ័ត្ន និងប្រកួតដោយមានឆន្ទៈសម្រាប់ក្រុមជម្រើសជាតិ។
«ក្រុម មិនបានរៀបចំច្រើនទេ ប៉ុន្ដែអ្វីដែលយើងចាប់អារម្មណ៍គឺ ការត្រៀមខ្លួន ត្រៀមលក្ខណៈឲ្យបានល្អប្រសើរ ហើយកូនក្រុមរបស់យើង មានការហ្វឹកហាត់មួយយ៉ាងល្អ។ យើង បានណែនាំរបៀបនៃការលេងរបស់ពួកគេ។ ឆន្ទៈរបស់ពួកគេ គឺសម្លឹងឃើញខ្ពស់។ យើងមិនអាចនិយាយពីលទ្ធផលមុនប្រកួតបានទេ ក៏ប៉ុន្ដែការប្រកួតលើកទី១របស់យើងពិតជា មានការលំបាក។ គ្រប់ការប្រកួតទាំងអស់ អ្វីៗក៏អាចកើតមានបានដែរ។ យើង សង្ឃឹម និងជឿជាក់ទៅលើស្មារតី ក៏ដូចជាឆន្ទៈរបស់ក្រុមយើង។»។ លោក ប្រាក់ វុទ្ធី បាននិយាយដូច្នេះ។
ដោយឡែក លោកស្រី SAN San Thein ដូចជាគ្មានជំនឿចិត្តក្នុងជំនួបជាមួយកម្ពុជាសោះ ព្រោះជម្រើសជាតិនារី U-20 មីយ៉ាន់ម៉ា ត្រៀមខ្លួនមិនបានល្អទេសម្រាប់ព្រឹត្តិការណ៍នេះ។ គ្រូបង្វឹកមីយ៉ាន់ម៉ារូបនេះ បញ្ជាក់ថា ក្រុមកីឡាការិនី U-20 ភាគច្រើនមមាញឹកប្រឡង។ ដូច្នេះ អ្នកទាំងនោះអាចនឹងមិនមានស្មារតីប្រកួតប៉ុន្មានទេ។ ម្យ៉ាងវិញទៀតកីឡាការិនីទាំងនោះ មិនមានបទពិសោធន៍ច្រើនក្នុងការប្រកួតឡើយ។ លោកស្រី San Thein ក៏មានការប្រុងប្រយ័ត្នជាខ្លាំងជាមួយក្រុមក្នុងតំបន់អាស៊ាន ព្រោះដឹងថាវិស័យបាល់ទាត់នារី ក្នុងតំបន់ពេលនេះ មានការរីកចម្រើនយ៉ាងខ្លាំង។
កម្ពុជា ស្ថិតក្នុងពូល G ជាមួយ ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងប៉ាគីស្ដាន ប៉ុន្ដែក្រុមប៉ាគីស្ដាន បានដកខ្លួនចេញពីការប្រកួតនេះ។ ជំនួបជម្រើសជាតិបាល់ទាត់នារីកម្ពុជា U-20 នឹងត្រូវប្រកួតជាមួយ ជម្រើសជាតិបាល់ទាត់នារី U-20 មីយ៉ាន់ម៉ា នាល្ងាច៤:០០ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN និងប្រកួតទី២ ត្រូវស្វាគមន៍ ម៉ាឡេស៊ី នៅថ្ងៃទី១០ ខែមីនា វេលាម៉ោង ៤:០០ ល្ងាច៕