ទឹកចិត្ត​ឥត​កាត់​ថ្លៃ​បាន តារា​នាំ​សំណាង​ឲ្យ​​ក្រុម​ដទៃ Harry Maguire ស៊ុត ១ Assist ១ ជូន Sevilla

ខែ​មេសា 21, 2023

ថា​ម្សិលមិញ​ទៅ​មាន​អ្នក​ស្នង​ហើយ ព្រោះ​បងប្អូន​យើង​ផ្ទុះ​ទៅ​ចាប់​អារម្មណ៍ Dayot Upamecano ដែល​មាន​ឈ្មោះ​ថ្មី​ជា “UpaMaguire” ក្រោយ​ទំព័រ CTS Sports បាន​បង្ហោះ​ផ្សាយ ចុះ​ឡើង​មាន​ឯ​ណា កីឡាករ​អង់គ្លេស​អត់​ព្រម​ឲ្យ​គេ​ស្នង បែរ​មក​បន្ត​ចង​ភាព​អាម៉ាស់​ជាប់​ឈ្មោះ​ខ្លួន​ឯង នៅ​ប្រកួត​ជើង​ទី ២ ទល់ Sevilla ជា​រាត្រី​បិសាច​ក្រហម ធ្លាក់​ចេញ​ពី Europa League។

បន្ទាប់​ស្មើ​ជើង​ទី ១ នៅ​លទ្ធផល ២-២ ដល់​តែ​មក​កាន់​វគ្គ​បន្ទាប់​ទើប​បញ្ចប់​កាល​ពី​យប់មិញ ស្រាប់​តែ Man Utd បាន​ភ្លាត់ស្នៀត​បើក​ឲ្យ​គេ​រក​បាន ៣ គ្រាប់​ធូរ ​អត់​សម​ចាញ់​ទាល់​តែ​សោះ នៅ​ទឹកដី​ប្រទេស​អេស្ប៉ាញ។ ទាំង​បី​គ្រាប់​ម្ចាស់ដី Sevilla ចង់​អរគុណ​ជា​ពិសេស ដល់​កំពូល​ខ្សែ​ការពារ Harry Maguire និង​អ្នកចាំទី David de Gea ដែល​យប់​នេះ ពុំ​មាន​នរណា​ល្អ​ជាង​នរណា ជា​រួម​គឺ​ស្មើ​ដៃ​ស្មើ​ជើង​គ្នា។

ឲ្យ​តែ​គ្រប់​ពេល​បាល់​នៅ​នឹង​ជើង​ប្រធាន​ក្រុម Maguire គឺ​អ្នក​គាំទ្រ United ​ចាប់ផ្តើម​ផឺត​ពោះ ហើប​គូទ​ពី​កៅអី​ ជា​ពិសេស​រាល់​ការ​បញ្ជូន​ចេញ​ទៅ​មិត្ត​រួម​ក្រុម មួយ​សារៗ​រក​តែ​ភ្លាត់ រួច​ដល់​នាទី​ទី ៨ ពិត​ជា​មិន​អាច​ឃាត់​បាន ​នៅ​សាច់​បាល់​ Build up ខាង​ក្រោម ពេល​ខ្សែ​ការពារ​កណ្តាល លេង​ប៉ះ​បាល់​ខ្លី ឲ្យ​ទៅ​អ្នកចាំទី រួច De Gea បញ្ជូន​ភ្លាម​ត្រលប់​មក​វិញ ចំ​ពេល​កីឡាករ Sevilla ៣ រូប​តាម Press តាម​កៀប​ជាប់ ភ្លាត់​ទាល់​តែ​បាន​ភ្លែត។ នេះ Maguire ​បញ្ជូន​ទៅ​ស្លាប​ខុស​បច្ចេកទេស ដូច​ស្មើ​នឹង Assist ឲ្យ​ខ្សែ​ប្រយុទ្ធ Youssef En-Nesyri អូស​បាល់​ទៅ​ស៊ុត​ធូរៗ ដល់​ថ្នាក់ De Gea គ្រវី​ក្បាល​អស់​ពាក្យ​និយាយ។

ចូល​ដល់​គ្រាប់​បាល់​បន្ទាប់​នៅ​តង់​ទី​ពីរ ពេល​ជើង​ក្រុស​បាល់​រ៉ុកកែត Ivan Rakitic លើក​ចេញ​ពី​ជ្រុង ក៏​ស្រាប់​តែ​ខ្សែ​ការពារ Loic Bade លោត​តែត​បន្តក់​ចូល​ទី ដូច​គេ​ចាប់​ដាក់ រួច De Gea ក៏​អស់​ជំហរ លោត​ខុស​ទីតាំង​មិន​អាច​សង្រ្គោះ​បាល់​នោះ​បាន។

កាន់​តែ​អស់​សំណើច​ត្រង់​គ្រាប់​បាល់​ទី​បី នៅ​នាទី ៨១ ពេល​កីឡាករ Sevilla ផ្លោង​បាល់​ពី​ពាក់​កណ្តាល​តារាង មក​ខាង​លើ​ផុត​មាត់ ក៏​អ្នកចាំទី​ De Gea សម្រេច​ចិត្ត​ត្រូវ​ហើយ ​ការ​ដែល​រត់​មក​ព្យាយាម​ទទួល​យក តែ​ទប់​ជំហរ​ខ្លួន​ឯង​មិន​បាន​ល្អ នាំ​ឲ្យ​ភ្លាត់​ទៅប៉ះបាល់ស្ទើរកម្លាំង សល់​ចន្លោះ​ល្អ​ហួស សម្រាប់​ខ្សែ​ប្រយុទ្ធ​ម៉ារ៉ុក​ដដែល រត់​មក​ត្រង​យក​បាល់ ស៊ុត​ពីក្រៅប្រអប់ ​ចម្ងាយ​ជាង ២០ ម៉ែត្រ ​កប់​បរាជ័យ​ដ៏​អាក្រក់​ សម្រាប់​ក្លឹប​មក​ពី​ទឹកដី​អង់គ្លេស។

សរុប​មក​ទាំង​ពីរ​ជើង Man Utd ចាញ់ ៥-២ ដែល​នេះ​បាន​ផ្តល់​បាល់ Own Goal ជូន​ ២ គ្រាប់ (កំហុស​របស់ Tyrell Malacia និង Maguire ជើង​ទី ១) រួច​បាល់ Error ​បង្កើត​កំហុស​ឲ្យ​ចូល​ទី ២ គ្រាប់ (កំហុស Maguire និង De Gea ជើង​ទី ២) ​សរុប ៤ គ្រាប់​ ផ្តល់​ជូន​ធូរៗ​សម្រាប់​ក្លឹប​ស្តេច​ពាន Europa League។

គួរ​ឲ្យ​ដឹង​ដែរ​ថា ពាក់ព័ន្ធ​ការ​ប្រកួត​របស់ Man Utd នៅ​ពាន​អឺរ៉ុប មិន​ថា​ Europa ឬ​លំដាប់​ពាន Champions League ក្នុង​កំឡុង ៦ រដូវ​កាល​ចុង​ក្រោយ ពួក​គេ​ហាក់​ឡាក់​ឆុង​ជាមួយ​ក្លឹប​មក​ពី​អេស្ប៉ាញ ឲ្យ​តែ​ប៉ះ​គឺ​ធ្លាក់ តួ​យ៉ាង​ដូច៖

ឆ្នាំ ២០១៨ ត្រូវ Sevilla ទម្លាក់​ពី​វគ្គ ១៦ ក្រុម UCL
ឆ្នាំ ២០១៩ ត្រូវ Barcelona ទម្លាក់​ពី​វគ្គ ៨ ក្រុម UCL
ឆ្នាំ ២០២០ ត្រូវ Sevilla ទម្លាក់​ពី​វគ្គ ៤ ក្រុម UEL
ឆ្នាំ ២០២១ ត្រូវ Villarreal យក​ឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UEL
ឆ្នាំ ២០២២ ត្រូវ Atletico Madrid ទម្លាក់​ពី​វគ្គ ១៦ ក្រុម UCL
និង​ឆ្នាំ ២០២៣ នេះ​ត្រូវ​ក្លឹប​អេស្ប៉ាញ Sevilla ជា​ថ្មី​ម្តង​ទៀត ទម្លាក់​ពី​វគ្គ ៨ ក្រុម UEL៕​