មិត្តអាស៊ានលើកឡើងយ៉ាងដូច្នេះ ក្រោយម្ចាស់ផ្ទះកម្ពុជាលើកលែងការបង់ប្រាក់គ្រប់ប្រភេទ…

ខែ​មេសា 21, 2023

គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម (VOC) អះអាងថា រដ្ឋធូរការចំណាយរហូតដល់ ៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ នៅក្នុងព្រឹត្តិាការណ៍ស៊ីហ្គេមលើកទី៣២

ដោយសារតែម្ចាស់ផ្ទះកម្ពុជាមិនយកប្រាក់លើថ្លៃស្នាក់នៅ ហូបចុក ទៅលើប្រតិភូកីឡាទាំងអស់ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ។

យោងតាមការផ្សាយរបស់ VN Express តាមការគណនាមុនការប្រកួត គណៈប្រតិភូកីឡាវៀតណាមដែលមានចំនួនសរុប ១,០០៣នាក់នឹងសន្សំបានជាង «៥ម៉ឺនល្លារក្នុងមួយថ្ងៃៗ»។

ចំណែកសារព័ត៌មានរបស់វៀតណាម Zing.VN បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា នេះថា ការមិនយកប្រាក់របស់កម្ពុជា នាំឲ្យវៀតណាមចំណេញលើការចំណាយពេញមួយព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ប្រមាណកន្លះលានដុល្លារឯណោះ។

តាមការបញ្ជាក់ពីគណៈកម្មាធិកជាតិ CAMSOC បានឲ្យដឹងថា ម្ចាស់ផ្ទះកម្ពុជានឹងផ្តល់អាហារ កន្លែងស្នាក់នៅ និងដឹកជញ្ជូនដល់គណៈប្រតិភូកីឡាស៊ីហ្គេមមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចុះឈ្មោះមកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣

ដែលនេះ​ជា​រឿង​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ីហ្គេម ក្រោយម្ចាស់ផ្ទះកម្ពុជា មិនតម្រូវឱ្យប្រតិភូពីបណ្តាប្រទេសចូលរួមទាំងអស់បង់ថ្លៃ ៥០​ដុល្លារ​ម្នាក់ក្នុង​មួយ​ថ្ងៃ ដូច​ប្រទេសអាស៊ីអាគ្នេយ៍មុនៗរៀបចំឡើយ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចូលមកដល់ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ

ចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ខណៈដែលម្ចាស់ផ្ទះកម្ពុជា​នឹង​រ៉ាប់រង​រាល់​ការចំណាយ​ទាំងអស់​ម្តងទៀត​សម្រាប់​គណៈប្រតិភូ​កីឡាដែលមកចូលរួមនៅប្រទេសកម្ពុជា៕