គុនខ្មែរ៖ ព្រំ សំណាង និងឈឿង ល្វៃ ឈ្នះគូប្រកួតមកពីអ៊ីរ៉ង់ដូចគ្នា នាជំនួបមិត្តភាពអន្តរជាតិ

ខែ​មេសា 8, 2023

កីឡាករកម្ពុជាពីររូបគឺ ព្រំ សំណាង និងឈឿងល្វៃ សុទ្ធតែយកឈ្នះគូប្រកួតមកពីអ៊ីរ៉ង់ដូចគ្នា ក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ កម្មវិធី «មរតកគុនខ្មែរ NNP) នៅសង្វៀនថោន ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ខណៈគូម៉ារាតុន ឈុត សេរីវ៉ាន់ថង គ្រងដំណែងខ្សែក្រវាត់ ក្រោយឈ្នះ លី ចំរើន SBC។

ក្រោយតស៊ូនឹងគ្នាពេញ៣ទឹក ទីបំផុតអាជ្ញាកណ្តាល និងគណៈមន្រ្តីចៅក្រមកាត់សេចក្តីបានផ្តល់ពិន្ទុជូនបង្គោលក្រហមកីឡាករកម្ពុជា អ្នកលេងជង្គង់ទិព្វ ព្រំ សំណាង ឈ្នះកីឡាករអ៊ីរ៉ង់ Arvin Mehboudi ដោយពិន្ទុ។ ចំណែកអ្នកលេងជើងរន្ទះដំរីជាន់ខ្លាកីឡាករ ឈឿង ល្វៃ បង្គោលក្រហម វាយឱ្យបង្គោលខៀវកីឡាករមកពីអ៊ីរ៉ង់ Mahammad Khanani បោះបង់ការប្រកួតត្រឹមទឹកទី១ ក្រោយរងរបួសដោយសារកែងរបស់បង្គោលក្រហម និងគ្រូពេទ្យពិនិត្យមិនអាចបន្តការប្រកួតបាន។

កីឡាករមានរហស្សនាមថា រាហ៊ូមាសខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង គ្រងដំណែងខ្សែក្រវាត់ និងពានរង្វាន់ «មរតកគុនខ្មែរ NNP» បន្ទាប់ពីយកឈ្នះកីឡាករ លី ចំរើន SBC ក្រោយវាយឱ្យសន្លប់២លើក និងលើកទី៣ ត្រូវបានលោកអាជ្ញាកណ្តាលសម្រេចបញ្ឈប់ត្រឹមទឹកទី២៕