CAMSOC ហាមមិនឲ្យប្រើប្រាស់កម្មសិទ្ធិបញ្ញារូបភាព លើអាជីវកម្មផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត

ខែ​មេសា 8, 2023

គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (គ.ជ.ប.អ ឬ CAMSOC) បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី៧ ខែមេសា ដោយហាមមិនឲ្យប្រើប្រាស់កម្មសិទ្ធបញ្ញាលើរូបភាពរបស់ខ្លួន ទៅផ្សព្វផ្សាយសម្រាប់អាជីវកម្មឯកជនណាមួយ ដោយមិនបានសុំការអនុញ្ញាត។ CAMSOC ចាត់ទុកថា ការប្រើប្រាស់កម្មសិទ្ធបញ្ញាក្នុងគោលដៅអាជីវកម្មដោយគ្មានការអនុញ្ញាតនោះ ជាការរំលោភកម្មសិទ្ធបញ្ញារបស់ គ.ជ.ប.អ និងជាអំពើខុសច្បាប់។

យោងទៅលើហ្វេសប៊ុក Cambodia 2023 នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រុមមេធាវី គ.ជ.ប.អ បានជូនដំណឹងអំពីលក្ខខណ្ឌ នៃការប្រើប្រាស់កម្មសិទ្ធបញ្ញា ដូចតទៅ៖

ក. ក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ រូបវន្ដបុគ្គល ត្រូវអនុញ្ញាតឲ្យប្រើប្រាស់កម្មសិទ្ធទាំងនោះក្នុងគោលដៅគាំទ្រ និងជំរុញការផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្នុងលក្ខខណ្ឌមិនធ្វើអាជីវកម្មរកកម្រៃ។

ខ. សហព័ន្ធកីឡាជាតិ អង្គការកីឡា ដៃគូសហការនានា អាចអនុញ្ញាតឲ្យប្រើប្រាស់កម្មសិទ្ធបញ្ញាទាំងនេះ ដោយត្រូវស្នើរសុំការប្រើប្រាស់ជាមុន។

គ. វិស័យឯក/ក្រុមហ៊ុនឯកជន អាចត្រូវអនុញ្ញាតឲ្យប្រើប្រាស់តាមរយៈលក្ខខណ្ឌតម្រូវក្នុងកិច្ចសន្យាជាដៃគូសហការ ដៃគូឧបត្ថម្ភ ឬជាអ្នកទទួលអាជ្ញាប័ណ្ណ។

ឃ. សង្គមស៊ីវិល ដែលបម្រើឲ្យព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ អាចតម្រូវឲ្យប្រើប្រាស់ ដោយត្រូវមានកិច្ចសន្យា និងលក្ខខណ្ឌតម្រូវ។

ង. ប្រព័ន្ធផ្សព្វផ្សាយ ដែលគាំទ្រនិងលើកកម្ពស់ ដល់ប្រយោជន៍នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលមិនធ្វើអាជីវកម្មរកកម្រៃ ដោយត្រូវមានកិច្ចសន្យា និងលក្ខខណ្ឌ៕