ពានសម្ដេច ហ៊ុន សែន៖ ឧត្តរមានជ័យ, យុវជនខេត្តបាត់ដំបង និង ខេត្តរតនគិរី

ខែ​មេសា 7, 2023

ក្រុមបាល់ទាត់ឧត្ដរមានជ័យ និងយុវជនខេត្តបាតដំបង ក្នុងពូល គ រកបាន៣ពិន្ទុ ដូចគ្នា ខណៈក្រុមក្នុងពូល ២ផ្សេងទៀត បរាជ័យក្នុងជំនួបបើកឆាក នៃការប្រកួតពានរង្វាន់ សម្ដេច ហ៊ុន សែន លើកទី១៧ (ជម្រុះថ្នាក់ខេត្ត) វគ្គចែកពូល។ រីឯពូល ឃ ក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ឈរលេខ ១បណ្ដោះអាសន្ន ក្នុងពូល បន្ទាប់ពីឈ្នះ មន្ទីរ អ.យ.ក. ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

ពូល គ
យុវជនខេត្តបាត់ដំបង បានយកឈ្នះ លើក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ក្នុងលទ្ធផល២-១ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់សាលាបឋមសិក្សា នេត យ៉ង។ គ្រាប់បាល់ទី១ របស់ម្ចាស់ផ្ទះខេត្តបាត់ដំបង រកបានដោយកីឡាករ ទូច គីមឆាយ នៅនាទី២៦។ ក្រុមទាំង២ មានឱកាសក្នុងការវាយបកទៅវិញទៅមក។ ដោយឡែក កីឡាករ សាវុធ សុជា របស់ខេត្តបាត់ដំបង បានរកគ្រាប់បាល់ជ័យជម្នះ នៅនាទី៨៦ គ្រាប់ទី២ របស់បាត់ដំបង បន្ទាប់ពីក្រុមភ្ញៀវ ខេត្តបន្ទាយមានជ័យ តាមស្មើ ១-១ នៅនាទី៥៧ ដោយកីឡា វុត ដេវិត នាំឲ្យលទ្ធផល ២-១។

នៅពេលដដែរនោះ ខេត្តឧត្ដរមានជ័យ បានយកឈ្នះ ម្ចាស់ផ្ទះ សូហ្វីយ៉ាប៉ៃលិន ក្នុងលទ្ធផល២-០ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។ ការប្រកួតនេះ ក្រុមភ្ញៀវ បានដាក់សម្ពាធជាខ្លាំងទៅលើម្ចាស់ផ្ទះ ដោយក្រុមសូហ្វីយ៉ាប៉ៃលិន ស្ទើតែមិនមានឱកាសក្នុងការវាយបកមកតំបន់គ្រោះថ្នាក់របស់ ខេត្តឧត្តរមានជ័យ។ គ្រាប់បាល់ទី១ រកបានដោយ កីឡាករ ជា គ្រីត របស់ឧត្តរមានជ័យ នៅនាទី៣៧ ដោយបាល់ពិន័យ ១១ម៉ែត្រ និងគ្រាប់ទី២ ស៊ួង ស៊ីថា នៅនាទី៦៦។

ពូល ឃ
ព្រះវិហារ អេហ្វស៊ី និងសមាគមកីឡាខេតមណ្ឌលគិរី ចែកគ្នា ម្នាក់១ពិន្ទុ ដោយស្មើក្នុងលទ្ធផល ២-២ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់ ជា ស៊ីម ត្បែងមានជ័យ។ នៅតង់ទី១ ម្ចាស់ផ្ទះ ព្រះវិហារ បាននាំមុខក្រុមភ្ញៀវ ១-០ ដោយស៊ុតបញ្ចូលទីដោយកីឡាករ មោះ មនោរិទ្ធ នៅនាទី៣១។ លុះចូលតង់ទី២ សមាគមកីឡាខេត្តមណ្ឌលគិរី បានតាមស្មើ ដោយកីឡាករ ហាក់ ងួនឡៃហេង នៅនាទី៥៣ និងគ្រាប់បាល់ទី២ ដោយកីឡាករ ឃាង វីរៈ ៤នាទីបន្ទាប់ពីគ្រាប់បាល់ទី១ នាំឲ្យលទ្ធផល ១-២។ នៅនាទី៨២ បូ ចាន់ទិត្យតារ៉ា របស់ព្រះវិហារ រកបានគ្រាប់ទី២ នាំឲ្យក្រុមស្មើក្នុងលទ្ធផល ២-២។

ក្នុងពេលទន្ទឹមគ្នានេះ អធិរាជឦសាន ខេត្តរតនគិរី បានយកឈ្នះ ម្ចាស់ផ្ទះ មន្ទីរ អ.យ.ក. ខេត្តសៀមរាប ក្នុងលទ្ធ ២-៣។ ក្រុមភ្ញៀវ រកបានគ្រាប់បាល់វាយបក បាន៣គ្រាប់បន្ទាប់ពីម្ចាស់ផ្ទះ បាននាំមុខមុន ២-០ ដោយកីឡាករ ឈួន រ៉ានីពោ នៅនាទី៣២ និង៣៧។ គ្រាប់បាល់៣ គ្រាប់របស់អធិរាជឦសាន ខេត្តរតនគិរី រកបានដោយកីឡាករ សម្បត្តិ បញ្ញា នៅនាទី៤៣, ចាន់ ម៉ាន់ នាទី៤៩ និង វឿន ព្រះគុណ នៅនាទី៩០+៤ នាំឲ្យលទ្ធផល ២-៣៕