ព្រំ សំណាង តបទៅកីឡាករបរទេសវិញក្រោយរូបគេចង់ផ្តួលខ្លួនអោយសន្លប់

ខែ​ធ្នូ 13, 2023

កីឡាករ ព្រំ សំណាង បានឆ្លើយតបទៅកាន់កីឡាករ Jordin Henwood ក្រោយរូបគេបានបោះសម្តីថាចង់ផ្តួលខ្លួនអោយសន្លប់តែម្តង ។ គួរបញ្ជាក់ផងដែរថាកីឡាករ ព្រំ សំណាង នឹងមានឈ្មោះប្រកួតនៅថ្ងៃទី 14 ខែធ្នូខាងមុខនេះនៅក្នុងកម្មវិធីដណ្តើមឡានរបស់ Boostrong ។ ចំពោះគូដណ្តើមឡានបួនគូមានដូចជា ផល សោភ័ណ្ឌ, យេន ឌីណា, លន បញ្ញា និង មឿន សុខហ៊ុច ចំពោះ ព្រំ សំណាង គឺជាគូអមគូដណ្តើមឡាន ។

រីឯរូបមន្តវិញគឺតម្រូវអោយកីឡាករគុនខ្មែរយកឈ្នះកីឡាករបរទេសនៅក្នុងជុំដំបូងសិន ហើយកីឡាករពីររូបណាដែលមានសម្លេងគាំទ្រតាមរយៈការផ្ញើសារច្រើនជាងគេនឹងឡើងទៅជួបគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត ពោលគឺដូចគ្នាកាលនឹងកីឡាករ ឃីម បូរ៉ា ប្រកួតដណ្តើមឡានដែរ ។ ងាកមកកាន់ដៃគូប្រកួតរបស់កីឡាករ ព្រំ សំណាង វិញគេបានបោះសម្តីថា គេមកនេះគឺមកដើម្បីឈ្នះ ហើយបើអាចគេចង់ផ្តួល ព្រំ សំណាង អោយសន្លប់តែម្តង ។

មិនទុកចាំយូរ ព្រំ សំណាង ក៏បានឆ្លើយតបទៅវិញភ្លាមៗថា “ជួយប្រាប់គាត់វិញផងថា ព្រំ សំណាង តាន់ណាស់ ស្វិតណាស់ ផ្តាច់បានផ្តាច់ទៅ តែប្រយ័ត្នតែផ្តាច់មិនទៅ ទៅខ្លួនឯង” ។ យើងបានដឹងហើយថាមួយរយៈមកនេះកីឡាករ ព្រំ សំណាង ហាក់ធ្លាក់ប្រជាប្រិយភាពបន្តិច យើងរង់ចាំមើលទាំងអស់គ្នាថាតើនៅក្នុងប្រកួតនេះរូបគាត់អាចនឹងស្តារកេរ្តិ៍ឈ្មោះមកវិញបានដែរឬទេ ?