«ខ្ញុំប្តេជ្ញាថានឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីរក្សាមេដាយមាសស៊ីហ្គេមឱ្យបាន»។ កីឡាករឃីកបុកស៊ីងជម្រើសជាតិកម្ពុជា បឺត សង្ឃឹម ប្តេជ្ញាយ៉ាងមុតមាំដូច្នេះ ស្របពេលកម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងបរិវេណកីឡដ្ឋានស្តាតចាស់កីឡាករ បឺត សង្ឃឹម ហៅទូច រ៉ាឆាន់ បង្ហាញពីជំនឿចិត្តរបស់ខ្លួនក្នុងការការពារមេដាយមាសរបស់ខ្លួនលើប្រភេទកីឡាឃីកបុកស៊ីង វិញ្ញាសា៥៧គីឡូក្រាម។ សង្ឃឹម គ្រងមេដាយមាសក្នុងប្រភេទទម្ងន់នេះកាលនៅស៊ីហ្គេមប្រទេសវៀតណាម។
សង្ឃឹម បញ្ជាក់ថា បានជាមានជំនឿចិត្តបែបនេះព្រោះរូបគេមានការហ្វឹកហាត់ខ្លាំង ទទួលបានបទពិសោធច្រើនពីគ្រូបង្វឹកដែលបានផ្តល់នូវយុទ្ធសាស្រ្ត ក៏ដូចជារបៀបវាយយកពិន្ទុពីគូប្រកួត។ ម្យ៉ាងវិញទៀតខ្លួនបានឆ្លងកាត់ការប្រកួតនៅប្រទេសវៀតណាមមួយលើករួចមកហើយ ដែលធ្វើឱ្យរូបគេនៅតែជឿជាក់ក្នុងការការពារមេដាយរបស់ខ្លួន។
កីឡាករជម្រើសជាតិឃីកបុកស៊ីង វ័យ២៧ឆ្នាំអះអាងថា៖«ការហ្វឹកហាត់របស់ខ្ញុំជារៀងរាល់ថ្ងៃ។ មួយថ្ងៃ៣ពេល(ព្រឹក ថ្ងៃហើយនិងយប់) យើងហាត់រហូត កាន់តែកៀកស៊ីហ្គេមនេះយើងសឹងតែហាត់មិនថាសៅរ៍-អាទិត្យ»។ សង្ឃឹម បន្តថាបើទោះការហ្វឹកខ្លាំង ប៉ុន្តែមិនមែនអ្វីជាបញ្ហានោះទេ ព្រោះការស្នាក់នៅហូបចុកក្នុងជំរំជម្រើសជាតិមានគ្រប់គ្រាន់ និងសមស្រប។ យ៉ាងណា ការធ្វើគីឡូមានបញ្ហាតិចតួច ប៉ុន្តែខ្លួននៅតែងជឿជាក់ថាមិនមានបញ្ហាធ្ងន់សម្រាប់ខ្លួនជាកីឡាករនោះទេ។
៖«សម្រាប់ការហូបចុកនៅក្នុងក្រុមជជំរុំជម្រើសជាតិនេះគឺបានគ្រប់គ្រាន់អត់ខ្វះខាតទេ ហើយបើធ្វើទម្ងន់រាងពិបាកខ្លះ ទម្ងន់៥៧ មិនពិបាកខ្លាំងទេបើយើងធ្វើវាម្តងបន្តិចៗ»។ ទោះបីការហ្វឹកខ្លាំង រ៉ាឆាន់ បង្ហាញជំហររឹងមាំថា ខ្លួនមិនមានការធ្លាក់កម្លាំងឡើយ។
គួបញ្ជាក់ថា ម្ចាស់មេដាយមាសស៊ីហ្គេម២០២១ ឃីកបុកស៊ីងដំបូងគេ នឹងត្រូវការពារមេដាយរបស់ខ្លួនលើប្រភេទទម្ងន់៥៧គីឡូក្រាម នៅស៊ីហ្គេមកម្ពុជាឆ្នាំ២០២៣។ មេដាយមាសដែល បឺត សង្ឃឹម ទទួលបាននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម តាមរយៈការយកឈ្នះកីឡាករថៃ Arunno Sivapan៕