ប្រធាន UEFA ច្រាន​ចោល​ការ​លើក​ឡើង​ថា ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត អាច​លេង​ពាន UCL បាន នា​ពេល​អនាគត

ខែ​កញ្ញា 4, 2023

ប្រធាន​សហភាព​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​លោក Aleksander Ceferin បាន​ច្រានចោល​របាយ​ការណ៍​ដែល​ថា ក្លឹប​មក​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​អាច​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លេង​ក្នុង​ក្របខ័ណ្ឌ UEFA Champions League នា​ពេល​អនាគត។

លោក​បាន​បញ្ជាក់​បែប​នេះ នៅ​ក្នុង​អំឡុង​ពេល មុន​​ការ​​ចាប់​ឆ្នោត​វគ្គ​ចែក​ពូល UEFA Champions League នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី 31 ខែ​សីហា។

យ៉ាង​ណា​មិញ Aleksander Ceferin បាន​និយាយ​កាល​ពី​ម្សិលមិញ​នេះ​ថា៖ “មាន​តែ​ក្លឹប​នៅ​អឺរ៉ុប​ប៉ុណ្ណោះ​ដែល​អាច​ចូល​រួម​ក្នុង UEFA Champions League, Europa League រឺ Conference League បាន”។

គាត់​បាន​បន្ត​ទៀត​ថា៖ “យើង​មើល​ឃើញ​​ស្ថានភាព​ស្រដៀង​គ្នា​ជាមួយ​ប្រទេស​ចិន ដែល​បាន​ទិញ​កីឡាករ​នៅ​ពេល​វេលា​ចុង​ក្រោយ​នៃអាជីព​របស់​ពួកគេ ហើយ​ផ្តល់នូវ​ប្រាក់​យ៉ាង​ច្រើន។

លទ្ធផល ​គឺ​បាល់ទាត់​ចិន​មិន​បាន​អភិវឌ្ឍន៍​អ្វី​​នោះ​ទេ។ តាម​ដែល​ខ្ញុំ​ដឹង Mbappe និង Erling Haaland ក៏​មិន​មាន​ក្ដី​ស្រមៃ​ចង់​ទៅ​លេង​​អារ៉ាប៊ីសាអូឌីត​ដែរ”។