កីឡាករជនជាតិជប៉ុនទាំង ៥ រូបដែលល្អបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខណ្ឌ Premier League

ខែ​សីហា 29, 2023

កីឡាករអាស៊ីយើងមិនសូវជាលេចធ្លោប៉ុន្មាននោះទេនៅបាល់ទាត់តំបន់អឺរ៉ុប ហើយក្លិបធំៗក៏មិនសូវជាមើលឃើញកីឡាករអាស៊ីនោះដែរ។
ប៉ុន្តែទោះជាយ៉ាងណា យូរៗក៏មានកីឡាករមកពីអាស៊ីមួយចំនួនផងដែរ ដែលបានផ្លាស់ទៅលេងនៅតំបន់អឺរ៉ុប និងជាមួយក្លិបល្បីៗ។

បើទោះបីជា មានឱកាសលេងឱ្យក្លិបនៅទ្វីបអឺរ៉ុបក៏ពិតមែន ប៉ុន្តែកីឡាករមកពីអាស៊ីយើងហាក់មិនសូវជាទទួលបានជោគជ័យ និងភាពលេចធ្លោប៉ុន្មាននោះទេ ដោយមានភាគតិចណាស់ដែលទទួលបានការចាប់អារម្មណ៍ ជាក់ស្ដែងដូចជាខ្សែប្រយុទ្ធប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min

ដែលជាតារាលំដាប់កំពូលប្រចាំក្រុមមាន់ខ្នាយមាស Tottenham Hotspur ហើយថែមទាំងបានឈ្នះស្បែកជើងមាសប្រចាំក្របខណ្ឌ Premier League ទៀតផង។ ខណៈថ្ងៃនេះ Admin នឹងបង្ហាញកីឡាករជនជាតិជប៉ុនចំនួន ៥រូបដែលល្អបំផុតក្នុងប្រវត្តិសាស្ត្រ Premier League៖

១-កីឡាករ Shinji Kagawa

Kagawa បានក្លាយជាកីឡាករជប៉ុនដំបូងគេដែលឈ្នះពាន Premier League ក្នុងអំឡុងពេលយុទ្ធនាការដំបូងរបស់គាត់ ដែលជារដូវកាលមួយខ្សែបម្រើជប៉ុនរូបនេះ ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ក្នុងលីគអង់គ្លេស។ Kagawa ក៏បានក្លាយជាកីឡាករអាស៊ីដំបូងគេដែលបានស៊ុតបញ្ចូលទី Hat-Trick នៅក្របខណ្ឌ Premier League ផងដែរ។

២-កីឡាករ Shinji Okazaki

Shinji Okazaki បានដក់ជាប់ក្នុងក្តីស្រលាញ់របស់អ្នកគាំទ្រ Leicester City ដោយខ្សែប្រយុទ្ធនេះបានជួយឱ្យក្រុមកញ្ជ្រោងខៀវ ឈ្នះពានរង្វាន់ Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេផងដែរកាលពីឆ្នាំ២០១៥។ Okazaki បានជាប់ឈ្មោះជាកីឡាករអាស៊ីឆ្នើមបំផុតប្រចាំឆ្នាំសម្រាប់រដូវកាល ២០១៥/១៦ បន្ទាប់ពីជោគជ័យជាមួយ Leicester និងបានស៊ុតបញ្ចូលទី ៥០ គ្រាប់ក្នុងការបង្ហាញខ្លួន ១១៩ លើកសម្រាប់ជម្រើសជាតិជប៉ុន។

៣-កីឡាករ Takumi Minamino

ក្រោយពីបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ក្នុងជំនួបនៃពានរង្វាន់ Champions League បានធ្វើឱ្យលោក Jurgen Klopp ប្រាប់ទៅកាន់ក្លិបចុះហត្ថលេខាលើតារាជប៉ុន Takumi Minamino ពីក្រុម Red Bull Salzburg ភ្លាមៗតែម្ដង។

៤-កីឡាករ Takehiro Tomiyasu

Tomiyasu បានក្លាយជាកីឡាករលេចធ្លោភ្លាមៗនៅក្លឹប Arsenal បន្ទាប់ពីបានចុះហត្ថលេខាជាមួយក្លិបប្រចាំទីក្រុងឡុងដ៍នៅឆ្នាំ២០២១។ Tomiyasu បានរួមចំណែកដ៏សំខាន់ក្នុងជួយឱ្យ Arsenal ប្រជែងបានជើងឯករងលីគកំពូលអង់គ្លេសកាលពីរដូវកាលមុន និងជួយឱ្យក្រុមកាំភ្លើងធំវិលត្រឡប់ទៅកាន់ការប្រកួតជើងឯកអឺរ៉ុប Champions League វិញ ក្រោយខកខានជាច្រើនឆ្នាំ។

៥-កីឡាករ Kaoru Mitoma

Mitoma ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ក្រោយពីបង្ហាញទម្រង់លេងលេចធ្លោខ្លាំងកាលពីរដូវកាលកន្លងទៅ។ Mitoma បានចុះហត្ថលេខាជាមួយ Brighton ក្នុងកិច្ចព្រមព្រៀងតម្លៃត្រឹមតែ ២.៥ លានផោនពីក្លឹបជប៉ុន Kawasaki Frontale ក្នុងឆ្នាំ២០២១។ បច្ចុប្បន្ននេះ Mitoma បានក្លាយជាកីឡាករជប៉ុនល្បីជាងគេនៅលីគអង់គ្លេស និងត្រូវបានក្លិបធំៗជាច្រើនចាប់អារម្មណ៍ចង់បានជាមួយតម្លៃផ្ទេរដ៏ខ្ពស់ ក្នុងនោះក៏មានក្លិប Manchester City ផងដែរ៕