មេធំ Barca ដាក់ចំៗថា កីឡាករដែលទៅលេងនៅអារ៉ាប៊ីសាអូឌីត គ្មានអ្វីក្រៅពីចង់បានលុយទេ…

ខែ​សីហា 21, 2023

ប្រធានក្លឹប Barcelona លោក Joan Laporta បានរិះគន់ទៅលើកីឡាករល្បីៗមួយចំនួន ដែលបានសម្រេចចិត្តចាកចេញពីទ្វីបអឺរ៉ុប ដើម្បីទៅលេងនៅអារ៉ាប៊ីសាអូឌីត។

មានការចាកចេញរបស់កីឡាករលំដាប់កំពូលៗជាច្រើន ក្នុងការផ្លាស់ទៅកាន់តំបន់មជ្ឈិមបូព៌ានៅរដូវក្តៅនេះ បន្ទាប់ពី Cristiano Ronaldo ផ្លាស់ទៅក្លិប Al-Nassr ក្នុងខែមករា ធ្វើឱ្យមានការកក្រើកលីគនៅអាស៊ីនេះជាខ្លាំង។

ទោះជាយ៉ាងណាក៏ដោយលោក Laporta ជឿជាក់ថា កីឡាករទាំងនោះកំពុងផ្លាស់ទៅកាន់ក្របខណ្ឌ Saudi Pro League សម្រាប់ហេតុផលផ្សេងមិនមែនដើម្បីលេងបាល់នោះទេ។

ថ្លែងទៅកាន់ CNN មេធំ Barcelona បាននិយាយថា៖ “នៅពេលដែលកីឡាករម្នាក់ និងដោយការគោរពទាំងអស់ អ្នកចូលចិត្តទៅប្រទេសអារ៉ាប៊ីសាអូឌីត ជាទូទៅមិនមានហេតុផលកីឡាទេ។

អ្នកដឹងទេ មានហេតុផលផ្សេងទៀតដែលជាអាទិភាព។ ហើយបាល់ទាត់ត្រូវតែជាអាទិភាព ហេតុផលកីឡាត្រូវតែជាអាទិភាព”។ កីឡាករដែលរួមមានដូចជា Jordan Henderson, Fabinho និង Riyad Mahrez

សុទ្ធតែជាកីឡាករកំពូលៗចុងក្រោយ ដែលបានផ្លាស់ប្តូរពីក្របខណ្ឌ Premier League នៃក្របខណ្ឌលីគកំពូលអង់គ្លេស ផ្ទេរទៅកាន់តំបន់មជ្ឈឹមបូព៌ានៅរដូវក្តៅនេះ។

ថ្មីៗនេះក៏មានសេចក្តីរាយការណ៍ថា ក្លិប Al-Hilal បានដាក់សំណើដ៏គួរឱ្យចាប់អារម្មណ៍មួយទៅកាន់ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ក្លិប Paris Saint-Germain

ក្នុងគោលបំណងនាំយកម្ចាស់ពានរង្វាន់ World Cup ២០១៨ ចេញពីកីឡដ្ឋាន Parc des Princes នៅរដូវក្តៅនេះ ប៉ុន្តែត្រូវបានតារាជើងស៊ុតខាងលើបានបដិសេធ បើទោះបីជាស្ថិតក្នុងតម្លៃក្បែៗ ១ពាន់លានដុល្លារក៏ដោយ។

ខណៈពេលដែលនៅតែមានទំនាក់ទំនងជាច្រើន រវាងកីឡាករឆ្នើមៗនៅទ្វីបអឺរ៉ុប និងលីគអារ៉ាប៊ីសាអូឌីត វានៅតែត្រូវមើលថា តើតារារូបណានឹងក្លាយជាកីឡាករបន្ទាប់ ដើម្បីធ្វើការផ្លាស់ទៅលេងនៅតំបន់មជ្ឈិមបូព៌ា នៅរដូវក្ដៅនេះ? ប្រភព : Goal