នៅក្រៅឃើញស្រឡាញ់គ្នាណាស់! តែតាមពិត Cavani ជាកីឡាករម្នាក់ដែល Zlatan ស្អ..ប់បំផុត…

ខែ​សីហា 21, 2023

អតីតមិត្តរួមក្រុមបាននិយាយថា Zlatan Ibrahimovic ស្អប់ Edinson Cavani ខ្លាំងណាស់ នៅពេលដែលអ្នកទាំងពីរលេងជាមួយគ្នានៅក្លិប Paris Saint-Germain ។

Ibrahimovic និង Cavani បានផ្លាស់ទៅលេងនៅ PSG ខុសគ្នាតែមួយឆ្នាំប៉ុណ្ណោះ ដោយអ្នកទាំងពីរផ្លាស់ពីក្របខណ្ឌ Serie A នៅលីគអ៊ីតាលីក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣ រៀងៗគ្នា ខណៈពេលដែលម្ចាស់ក្លឹបជាមហាសេដ្ឋីជនជាតិកាតា សម្លឹងចង់ឈ្នះពានអឺរ៉ុបជាខ្លាំងកាលពីពេលនោះ។

កីឡាករទាំងពីរបានលេង ១០៧ប្រកួតជាមួយគ្នា ដោយបានឈ្នះពានរង្វាន់ Ligue 1 ចំនួន ៣រដូវកាលជាប់គ្នា និងពានរង្វាន់ក្នុងស្រុកមួយចំនួនផ្សេងទៀត។

ប៉ុន្តែបើយោងទៅតាមសម្ដីរបស់លោក Michael Ciani ដែលបានលេងជាមួយ Ibrahimovic នៅក្លិប LA Galaxy នៅសហរដ្ឋអាមេរិកបានទម្លាយថា កំពូលតារាបាល់ទាត់ស៊ុយអែត Zlatan Ibrahimovic មិនចូលចិត្ត Cavani ដែលជាមនុស្សមួយក្នុងចំណោមបួននាក់ទៀត នៅក្នុងអាជីពបាល់ទាត់ដែល Zlatan ស្អប់បំផុត។

លោក Ciani បានប្រាប់កាសែត RMC Sport ក្នុងឆ្នាំ២០២០ ថា៖ “Zlatan បានប្រាប់ខ្ញុំថាអ្វីគ្រប់យ៉ាងគឺល្អជាមួយគ្រូបង្វឹកលោក Laurent Blanc នៅ PSG អំឡុងពេលនោះ។ មនុស្សតែម្នាក់គត់ដែលគាត់មិនចុះសម្រុងជាមួយគឺ Cavani”។

អតីតកីឡាករ Lazio ខាងលើបាននិយាយទៀតថា៖ “គាត់បានប្រាប់ខ្ញុំថាគាត់ស្អប់មនុស្សតែ ៣ ទៅ ៤ នាក់ប៉ុណ្ណោះក្នុងអាជីពរបស់គាត់… ហើយម្នាក់ក្នុងចំណោមពួកគេគឺ Cavani ។ ប្រសិនបើអ្នកនៅជិត Cavani នោះ Zlatan នឹងមិនចូលចិត្តអ្នកទេ។ តើអ្នកនៅជាមួយ Zlatan ឬនៅជាមួយមនុស្សដែលគាត់ស្អប់?”។

ទាំង Cavani និង Ibrahimovic ស៊ុតបញ្ចូលទីបានច្រើនជាង ១០០ គ្រាប់សម្រាប់ក្លិបបារាំង PSG ហើយបានចាកចេញផ្លាស់ទៅលេងនៅក្លិបអង់គ្លេស Manchester United ដូចៗគ្នា គ្រាន់តែនៅពេលវេលាខុសគ្នាប៉ុណ្ណោះ។

Ibrahimovic បានចូលរួមជាមួយបីសាចក្រហម លើការផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីចាកចេញពី PSG ក្នុងឆ្នាំ២០១៦ ហើយ Cavani ក៏ធ្វើដូចគ្នានេះនៅ ៤ ឆ្នាំក្រោយ ពោលគឺនៅឆ្នាំ២០២០៕