ទីបំផុត! ក្លឹប Al-Ettifaq យកបានខ្សែបម្រើឆ្នើម Liverpool ម្នាក់ជាផ្លូវការហើយ ខណៈប្រាក់ឈ្នួល ៧០មុឺនផោន ក្នុង ១សប្តាហ៍

ខែ​កក្កដា 28, 2023

ក្លឹបអង់គ្លេសហង្សក្រហម Liverpool បានបញ្ជាក់ឲ្យដឹងថា ខ្សែបម្រើកណ្តាល Jordan Henderson បានសម្រេចចូលរួមជាមួយ Al-Ettifaq ក្នុងកិច្ចសន្យា រយៈពេល ៣ឆ្នាំ ខណៈទទួលប្រាក់ខែប្រចាំសប្តាហ៍មានចំនួន ៧សែនផោន ឬ ៧០មុឺនផោន

ដែលមានចំនួនខ្ពស់ជាងប្រាក់ខែបច្ចុប្បន្នរបស់គាត់ជិត ៤ដង កាលនៅក្រុមហង្សក្រហម។ របាយកាណ៍បង្ហាញថា ក្លឹប Al-Ettifaq FC នឹងបង់ប្រាក់ ១២លានផោន ជាមួយកម្មវិធីបូកបន្ថែមទៅកាន់ Liverpool ជាថ្លៃផ្ទេរគាត់ទៅចូលរួមជាមួយក្រុមលីគអារ៉ាប៊ីសាអូឌីត Saudi Pro League ដែលគ្រូបង្វឹកនាមជាវីរបុរសក្លឹប Liverpool លោក Steven Gerrard នៅទីនោះ។

ការផ្លាស់ប្តូរទៅកាន់ក្រុមនៃលីគSaudi Pro League នេះផងដែរ បន្ទាប់ពី Henderson បានសម្រេចប្រកាសបញ្ចប់អាជីពជាមួយក្រុមហង្សក្រហមក្រោយរួមរស់រយៈពេល ១២ឆ្នាំរបស់គាត់កន្លងមក ដែលផ្ទេរមកពី Sunderland កាលឆ្នាំ២០១១។

Henderson ជាខ្សែបម្រើសញ្ជាតិអង់គ្លេស ក៏បានឈ្នះពានធំៗ UEFA Champions League, Premier League, FIFA Club World Cup ជាមួយក្លឹបហង្សក្រហមផងដែរ។

រំលឹកផងដែរថា Henderson ជាខ្សែបម្រើកណ្តាលបានរួមចំណែកជួយក្លិប Liverpool ឈ្នះពាន Premier League ជាថ្មីម្តងទៀត នៅរដូវកាលឆ្នាំ២០១៩-២០ ក្នុងរយៈពេលការរង់ចាំ ៣០ឆ្នាំរបស់ពួកគេ៕