Ronaldo ថា​លីគ​អារ៉ាប៊ីសាអូឌីត​ល្អ​ជាង​លីគ​អាមេរិក ហើយ​ឆ្នាំ​ក្រោយ នឹង​យក​ឈ្នះ​លីគ​កំពូល​អឺរ៉ុប ២ នេះ

ខែ​កក្កដា 19, 2023

កាល​ពី​យប់មិញ​ក្លឹប Al Nassr បញ្ចប់​លទ្ធផល ៩០ នាទី​ក្នុង​ជំនួប​មិត្តភាព​ទល់​ក្លឹប​អេស្ប៉ាញ Celta Vigo មិន​បាន​ល្អ​នោះ​ទេ ពោល​ចាញ់ ០-៥ នេះ Celta កន្លង​មក​ក៏​ធ្លាប់​ជា​ក្លឹប​ដែល Cristiano Ronaldo រក​បាន ៤ គ្រាប់/ប្រកួត គ្រា Real Madrid បំបាក់ ៧-១។

យ៉ាង​ណា​ងាក​មក​សម្រង់​សម្តី​របស់​តារា​ឆ្នើម​ចាស់​វស្សា​ព័រទុយហ្គាល់ នៅ​តែ​បន្ត​មាន​ជំនឿ​ជាក់​ថា គ្រប់​យ៉ាង​ដែល Saudi Pro League ឬ​ហៅ​កាត់ SPL កំពុង​ធ្វើ គឺ​ជា​រឿង​ត្រឹមត្រូវ រួច​បន្ត​ទៅ​មុខ នឹង​កាន់​តែ​រីកសាយ ទទួល​បាន​ផ្លែផ្កា​ល្អ​ជាង​លីគ​កំពូល​ទួរគី និង​ហូឡង់​ថែម​ទៀត​ផង។ នេះ​ជា​ឆន្ទៈ​ធំ​មហាសាល ដ្បិត​អី​សព្វថ្ងៃ​លីគ​ទួរគី​ឈរ​លេខ ១២ ហើយ​លីគ​ហូឡង់​ឈរ​លេខ ៦ នៅ​ចំណាត់ថ្នាក់ UEFA Ranking។

សំណួរ​ចាក់ដោត​ពី​អ្នក​កាសែត​ដែល​បាន​សួរ តើ​បុរស​វ័យ ៣៨ ឆ្នាំ មាន​គំនិត​គិត​នឹង​ទៅ​ចូលរួម​នៅ​ក្របខ័ណ្ឌ​សហរដ្ឋអាមេរិក Major League Soccer ដូច​ជា​គូ​ប្រជែង​ Lionel Messi ដែរ​ឬ​អត់? ស្រាប់​តែ Ronaldo ឆ្លើយ៖ “លីគ​កំពូល​អារ៉ាប៊ីសាអូឌីត​គឺ​ល្អ​ជាង MLS មើល​ចុះ​កីឡាករ​ល្អៗ​ជា​ច្រើន សំដៅ​មក​ចូលរួម​នៅ​ទី​នេះ ​ត្រឹម​តែ​មួយ​ឆ្នាំ​ទៀត នឹង​ប្រមូលផ្តុំ​ទៅ​ដោយ​កីឡាករ​កំពូល​មិន​ខាន”។

“ខ្ញុំ​ជា​អ្នក​បើក​ផ្លូវ​មក Saudi League ហើយ​ក្រោយ​មក​អ្នក​រាល់​គ្នា​ក៏​មក​ជា​បន្តបន្ទាប់”។ ជា​ការ​ពិត​បើ​យើង​សរុប​កីឡាករ រួម​ទាំង​អ្នកចាត់ការ​ល្បីៗ​ផ្ទេរ​មក​ថ្មីថ្មោង តួ​យ៉ាង Karim Benzema, N’Golo Kante, Jota, Marcelo Brozovic, Roberto Firmino, Kalidou Koulibaly, Ruben Neves, Edouard Mendy, Sergej Milinkovic-Savic និង Steven Gerrard ជា​ដើម ហើយ​ក៏​នៅ​ផ្សារភ្ជាប់​ចចាមអារ៉ាម​បន្ត​កន្ទុយ​គ្នា​ផ្សេង​ទៀត​ដែរ។

​បន្ត​ទៅ​ការ​និយាយ​អំពី​លីគ​ល្អ​បំផុត CR7 ​បន្ថែម៖ “ខ្ញុំ​ច្បាស់ ១០០ ភាគរយ នឹង​មិន​ត្រលប់​ទៅ​កាន់​ក្លឹប​អឺរ៉ុប​ណា​ទៀត​ឡើយ នេះ​ខ្ញុំ ៣៨ ឆ្នាំ​ហើយ ដោយ​ពិត​ណាស់​បាល់ទាត់​អឺរ៉ុប​បាន​បាត់បង់​គុណភាព​ជា​ច្រើន រួច​លីគ​តែ​មួយ​គត់​នៅ​រក្សា​ភាព​ល្អ​ដដែល គឺ Premier League ពួក​គេ​នៅ​តែ​នាំ​មុខ​គេ”។

“​ត្រឹម​តែ​មួយ​ឆ្នាំ​ទៀត លីគ​អារ៉ាប៊ីសាអូឌីត នឹង​យក​ឈ្នះ​ទៅ​លើ​លីគ​ទួរគី ក៏​ដូច​ជា​លីគ​ហូឡង់​ជាក់​ជា​មិន​ខាន ហើយ​កីឡាករ​មក​ទី​នេះ​ទាំង​អស់ មិន​ក្រោម​ហេតុផល​ដូច​ដែល​ប្រធាន​សមាគម​បាល់ទាត់​អឺរ៉ុប​លើក​ឡើង​ឡើយ ​ជាក់ស្តែង Jota&Ruben Neves ពួក​គេ​សុទ្ធ​សឹង​ជា​កីឡាករ​វ័យ​ក្មេង”។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ឆ្លើយតប​របស់ Ronaldo ទៅ​កាន់​ប្រធាន UEFA ផ្ទាល់​តែ​ម្តង គឺ​លោក Aleksander Ceferin បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ថា​បាល់ទាត់​អារ៉ាប៊ីសាអូឌីត​កំពុង​ដើរ​ខុស​ផ្លូវ ត្រង់​ពួក​គេ​បែរ​ទៅ​ចាយ​លុយ​លើ​កីឡាករ​ចំណាស់ៗ មិន​ព្រម​យក​លុយ​ទៅ​បណ្តុះ​យុវជន ឬ​អភិវឌ្ឍ​ធនធាន​កីឡាករ​ដែល​មាន​ស្រាប់ ជា​រួម​វា​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​ប្រទេស​ចិន​ធ្លាប់​បាន​ធ្វើ​ខុស។

បើ​យើង​ទៅ​មើល​ចំណូល​ថ្មី​ព័រទុយហ្គាល់​ទាំង​ពីរ ដូច Jota ដែល​ទើប​ចេញ​ពី Celtic ​បាន​ផ្ទេរ​ទៅ Al-Ittihad ​ក្នុង​វ័យ ២៤ ឆ្នាំ ខណៈ Ruben Neves ចេញ​ពី Wolves បាន​ផ្ទេរ​ទៅ Al-Hilal ក្នុង​វ័យ ២៦ ឆ្នាំ។ សរុប​មក​តើ​អ្នក​យល់​ឃើញ​បែប​ណា​ដែរ អំពី​របៀប​ដែល​ SPL កំពុង​ធ្វើ វា​ជា​រឿង​ត្រឹមត្រូវ​ដែរ​ឬ​យ៉ាង​ណា?