ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា U22 នឹងយកការប្រកួត Merlion Cup វាយតម្លៃគុណផលកីឡាករ

ខែ​មីនា 6, 2023

ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងចេញទៅប្រកួត ពានរង្វាន់ Merlion Cup នៅប្រទេសសិង្ហបុរី នាថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ ការប្រកួតនេះ ជាផ្នែកមួយក្នុងការវាយតម្លៃគុណផល របស់កីឡាករ។

មន្ដ្រីបច្ចេកទេសរបស់សហព័ន្ធបាល់ទាត់កម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា ការប្រកួត Merlion Cup គឺជាការតេស្ដសាកល្បងកីឡាករ និងការប្រកួតជាក្រុមរបស់អ្នកទាំងនោះ ដើម្បីត្រៀមយុទ្ធសាស្ដ្រប្រកួតសម្រាប់ស៊ីហ្គេម នៅកម្ពុជា។ ជាពិសេសជាងនេះទៀត ព្រឹត្តិការណ៍នេះ ក៏ជាការសាកល្បងទៅលើល្បិចប្រកួតក្រុមជម្រើសជាតិកម្ពុជា មុនពេលព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា នាថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។

មន្ដ្រីសហព័ន្ធ ថ្លែងដូច្នេះ៖«ការប្រកួតមិត្តភាព U-22 នៅប្រទេសសិង្ហបុរី គឺជាផ្នែកវាយតម្លៃ និងគុណផលរបស់កីឡាករ។ ម្យ៉ាងវិញទៀត នេះ ក៏ជាការសាកល្បងទៅលើក្រុមជម្រើសវ័យក្រោម២២ឆ្នាំ មុនពេលព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ហើយក៏ពិនិត្យលើកល្បិចក្រុមផងដែរ»។

ចំណែក សមាសភាពកីឡាករ ត្រូវប្រកួតនៅប្រទេសសិង្ហបុរី គឺជាកីឡាករ ដែលបានទៅហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ។ សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់នៅលើហ្វេសប៊ុកថា ការហ្វឹកហាត់របស់ជម្រើសជាតិ U-22 មានរយៈពេល ១៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

កីឡាករ ដែលបានទៅហ្វឹកហាត់នៅទីនោះ មានចំនួន ៣០នាក់។ ដោយឡែក ចំណោម ៣០នាក់នោះ នឹងត្រូវជម្រុះយកតែ ២០នាក់ប៉ុណ្ណោះ ដោយរាប់បញ្ចូលអ្នកចាំទី២រូប សម្រាប់ប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ការប្រកួត Merlion Cup 2023 នៅប្រទេសសិង្ហបុរី នាថ្ងៃទី២៤-២៦ ខែមីនា មានជម្រើសជាតិក្រោម២២ឆ្នាំ ៤ប្រទេសចូលរួម ក្នុងនោះមាន កម្ពុជា, ម៉ាឡេស៊ី, ហុងកុង និងម្ចាស់ផ្ទះ សិង្ហបុរី៕