សោកស្តាយ! ក្លឹប Soltilo Angkor FC ប្រកាសរំសាយក្រុម ក្រោយជួបបញ្ហាហិរញ្ញវត្ថុ…

ខែ​មិថុនា 1, 2023

នៅថ្ងៃទី០១ ខែខែមិថុនា ឆ្នាំ២០២៣ នេះ មានក្លឹបបាល់ទាត់អាជីពនៅក្នុងស្រុកមួយទៀតហើយដែលបានប្រកាសរំសាយក្រុម ពោលគឺក្លឹប Soltilo Angkor ដោយពួកគេបានចេញសេចក្តីថ្លែងការណ៍មួយដែលមានឃ្លឹមសារថា៖ «សេចក្ដីជូនដំណឹង ជូនចំពោះអ្នកទាំងអស់គ្នាដែលពាក់ព័ន្ធជាមួយ ក្លិបបាល់ទាត់សូលទីឡូអង្គរ !

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកគាំទ្រ ម្ចាស់ឧបត្ថម្ភ រួមទាំងអ្នកគាំទ្រក្លឹបរបស់យើងដែលចាប់តាំងពីឆ្នាំ 2017 មក។ ការគាំទ្រ និងការលើកទឹកចិត្តរបស់អ្នកពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើង។

ប៉ុន្តែជាអកុសល ដោយពេលនេះយើងស្ថិតក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ ដែលជាហេតុនាំឱ្យយើងបានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការដកខ្លួនចេញពីវិស័យបាល់ទាត់នៅកម្ពុជានេះ។

យើងបានពិចារណាយ៉ាងយកចិត្តទុកដាក់នូវជម្រើសនិងការសម្រេចចិត្តរបស់យើងរហូតដល់ទីបញ្ចប់ ប៉ុន្តែបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុបានបង្ហាញឱ្យយើងឃើញថាមិនអាចបន្តទៅមុខបានទៀតនោះទេ ហើយដែលជាហេតុធ្វើឱ្យយើងគ្មានជម្រើសក្រៅពីការសម្រេចចិត្តប្រកាសរំសាយក្រុមបែបនេះ។

ការ​សម្រេច​ចិត្ត​នេះ​ពិតជាពិបាក​ណាស់មក​លើ​ពួកយើង ហើយ​ពួកយើង​នឹង​មិន​ភ្លេច​ការ​ដឹងគុណ​ដែល​ ​កីឡាករ បុគ្គលិក និង​អ្នក​គាំទ្រមានមកលើពួកយើង។ វាគឺតាមរយៈចំណង់ចំណូលចិត្ត ការស្រលាញ់ និងការគាំទ្ររបស់អ្នកទាំងអស់គ្នា ដែលយើងអាចបង្កើតទំព័រដ៏អស្ចារ្យមួយសម្រាប់បាល់ទាត់។

ទោះបីជាក្លឹបរបស់យើងនឹងឈប់ដំណើរការ ហើយមិនចាប់ផ្តើមដំណើរថ្មីក៏ដោយ ប៉ុន្តែការចងចាំរបស់យើងនឹងស្ថិតស្ថេរជារៀងរហូតទៅ។ យើងសង្ឃឹមថា កីឡាករនឹងបន្តការខិតខំប្រឹងប្រែងនៅក្នុងក្រុមថ្មីរបស់ពួកគេ ហើយអ្នកគាំទ្រនឹងបន្តការគាំទ្រនៃចំណង់ចំណូលចិត្តរបស់ពួកគេក្នុងវិស័យបាល់ទាត់ទៅកាន់ក្លឹបមួយផ្សេងទៀត។

ជា​ថ្មី​ម្តង​ទៀត យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​យើង។ យើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នក ហើយនិងទន្ទឹងរួបរួមគ្នាដើម្បីជាអនាគតសម្រាប់បាល់ទាត់កម្ពុជាទាំងអស់គ្នា។ SOLTILO Angkor FC»