តើ Marco Asensio នឹងបន្តស្នាក់នៅជាមួយក្លឹប Real Madrid ទៀតដែរឬទេ?

ខែ​ឧសភា 27, 2023

កីឡាករ Marco Asensio របស់ក្លឹប Real Madrid នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ខណៈដែលគាត់គ្រោងនឹងបដិសេធសំណើបន្តពីក្រុមអធិរាជសនេះបើយោងតាមគេហទំព័ររបស់អេស្ប៉ាញ Relevo ។ កីឡាករ Asensio បានចំណាយពេល 7 រដូវកាលនៅរដ្ឋធានីអេស្ប៉ាញ។ ចាប់តាំងពីផ្ទេរមកពី RCD Mallorca ឆ្នាំ 2015 មក ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញខ្លួន 285 ដងក្នុងការប្រកួតនានា ដោយស៊ុតបញ្ចូលទីបាន 61 គ្រាប់ និង Assists​ បានចំនួន 32 ដង។

ហើយគាត់ក៏ជាកីឡាករសំខាន់ក្នុងរដូវកាលនេះផងដែរ ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់និង assist 8 ដងក្នុងការបង្ហាញខ្លួន 50 ប្រកួត។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅ ខណៈពេលដែល Real Madrid  ចង់ឱ្យគាត់នូវការផ្តល់ជូនកុងត្រាបន្ថែមមួយ ប៉ុន្តែ Asensio ទំនងជានឹងបដិសេធវា។ គួរអោយដឹងផងដែរថាកីឡាកររូបនេះបានឈ្នះពានរង្វាន់ចំនួន 17 ជាមួយក្រុម Real Madrid រួមទាំងពានរង្វាន់ UEFA Champions League ចំនួនបី និងពានរង្វាន់ La Liga ចំនួនបី។

Asensio អាយុ 27 ឆ្នាំត្រូវបានគេរំពឹងថានឹងក្លាយជាទ្រព្យសម្បត្តិដ៏ក្តៅគគុកនៅក្នុងទីផ្សារផ្ទេរ។ កាលពីមុនគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Barcelona ។ យោងតាមគេហទំព័រ Football.london ក្លឹប Arsenal និង Tottenham ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ។