Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ…

ខែ​ឧសភា 19, 2023

រឿងរ៉ាវដែលមិននឹកស្មានដល់នៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបានកើតមានឡើង បន្ទាប់ពីក្រុមជម្រើសជាតិថៃបានប្រកួតចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីដោយលទ្ធផល ២-៥ ក្នុងការប្រកួតកីឡាបាល់ទាត់បុរសដណ្តើមមេដាយមាសស៊ីហ្គេម កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។

ដោយឡែកក្រោយការប្រកួតចប់មិនបានប៉ុន្មានផង​ ក្រុមទាំងពីរឈានដល់ប៉ះទង្គិចគ្នាក្នុងការប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុម U-22 ថៃ ជាមួយក្រុម U-22 ឥណ្ឌូនេសុី កាលពីយប់មិញ ដោយមានការវាយតប់គ្នា និងជាពិសេសមានកាតក្រហមដល់ទៅ ៧ និងកាតលឿង ១២ សម្រាប់ក្រុមទាំងសងខាង។

យ៉ាងណាមិញ ក្រោយសកម្មភាពហិង្សាបញ្ចប់ភ្លាមៗ ខ្សែការពារ​ជម្រើសជាតិ​ថៃ Jonathan Khemdee បានបោះ​មេដាយ​ស៊ីហ្គេម ជាមួយវត្ថុអនុស្សាវរីយ៍ ទៅកាន់​អ្នកគាំទ្របាល់ទាត់​ដោយ​មិន​សោកស្តាយ។

ភ្លាមៗនោះដែរ Thiago Texiera បានបញ្ចេញ​សារថាទៅកាន់ឃ្លិបនោះថា “វាជាការមិនគោរពដ៏ធំធេង​សម្រាប់​ពិភព​កីឡា។ ជាឧទាហរណ៍ អត្តពលិកនេះត្រូវហាមឃាត់មិនឲ្យ​លេងកីឡានេះ។ ខ្ញុំសង្ឃឹមថាមន្ត្រីស៊ីហ្គេម និងជុំវិញពិភពលោក នឹង​ដោះស្រាយ​ការ​ប្រមាថ​បែប​នេះ”។

សូមបញ្ចាក់ដែរថា ហេតុការណ៍ដែលឈានទៅដល់ការវាយតប់គ្នាកាន់តែតានតឹងខ្លាំង បន្ទាប់ពីជម្រើសជាតិថៃ៣រូបទទួលបាន​កាត​ក្រហម​ក្នុង​ទីលាន​គឺកីឡាករ Sophonwit Rakkin, Jonathan Khemdee និង Teerasak Pimai ហើយ​បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ថៃកាន់តែមានគ្នាតិច​ជាងមុន​ក្នុង​ទីលានប្រកួត៕