ក្ដៅៗ! គ្រូបង្វឹកក្រុមជម្រើសជាតិថៃ និយាយពាក្យក្នុងចិត្តជាច្រើន ក្រោយចាញ់ឥណ្ឌូនេស៊ីយប់មិញ…

ខែ​ឧសភា 18, 2023

កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ការប្រកួតបាល់ទាត់ស៊ីហ្គេមរវាងក្រុមជម្រើសជាតិថៃ និង ឥណ្ឌូនេស៊ីបានបញ្ចប់ទៅហើយ ដោយមេដៃមាសបានទៅក្រុមឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៥ ទល់នឹង ២ គ្រាប់។

យ៉ាងណាមិញ​ ក្នុងជំនួបរវាងក្រុមជម្រើសជាតិថៃ និង ឥណ្ឌូនេស៊ី យប់មិញនេះ កើតមានបញ្ហារកាំរកូសមួយចំនួនក្នុងទីលានរវាងក្រុមបាល់ទាត់ទាំងពីរផងដែរ។

ក្នុងនោះ លោក Issara Sritaro ដែលជាគ្រូបង្វឹកខាងជម្រើសជាតិថៃ បានទម្លាយអារម្មណ៍របស់ខ្លួន ក្រោយពីការប្រកួតថា លោកសុំទោសទៅកាន់អ្នកគាំទ្រទាំងឡាយ ដែលក្រុមដើរមិនដល់គោលដៅដែលគ្រោងទុក ហើយគ្រប់គ្នាបានតស៊ូអស់ពីចិត្តហើយ តែនៅតែធ្វើមិនបាន ព្រោះមានមូលហេតុជាច្រើន ហើយនឹងយកបទពិសោធន៍លើកនេះ ទៅរៀនសូត្របន្ថែម។

ចំណែកឯរឿងរកាំរកូសគ្នានោះ លោកបានទទួលស្គាល់ថា វាពិតជាកើតឡើងមែន តែពេលចប់ការប្រកួត ក៏ចប់រៀងៗខ្លួន ហើយលោកក៏បានព្យាយាមហាមក្រុមផងដែរ ព្រោះអាចមានផលប៉ះពាល់ដល់អ្នកគាំទ្រ និង កីឡាករ។

ហើយលោកក៏និយាយបន្ថែមថា ពេលនេះ ធ្វើអ្វីមិនបានឡើយ ក្រៅពីសង្ឃឹមថាគ្រប់គ្នាអាចសម្រាកចិត្តកាយបាន និង និយាយអប់រំទៅកាន់កីឡាករផងដែរ​ ឱ្យយករឿងនេះជាបទពិសោធន៍ យ៉ាងណាត្រូវតែទប់អារម្មណ៍ខ្លួនឯងឱ្យបាន ក្នុងស្ថានការណ៍ណាក៏ដោយ។

គ្រូបង្វឹកថៃរូបនេះ ក៏បានបញ្ជាក់ផងដែរថា ចំពោះរឿងគ្រាប់បាល់វិញ តាមពិតទៅលោកក៏មានការនខកចិត្តដែរ ក្នុងនាមជាគ្រូបង្វឹក ជាពិសេសគឺគ្រាប់បាល់ទីពីរ ហើយមើលទៅបាល់ទាត់សឹងតែមិនដូចបាល់ទាត់ ងាកត្រូវ​កាត​លឿង ងាកត្រូវកាតក្រហម រហូតនៅសល់ត្រឹមតែ ៧ នាក់ ហើយយ៉ាងណាមិញចំពោះអនាគតរបស់លោកផ្ទាល់ គឺទុកឱ្យខាងសហព័ន្ធជាអ្នកចាត់ចែងហើយ៕