Real Madrid អស់​សីល Comeback បង្វិលឲ្យ City លាង​ការ​សងសឹក​បាន​ហើយ

ខែ​ឧសភា 18, 2023

បន្ទាប់​ឆ្លង​កាត់​ការ​ជម្រុះចម្រាញ់ តាំង​ពី​វគ្គ​ចែក​ពូល​អស់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ ទី​បំផុត​យើង​ក៏​សម្រេច​យក​បាន​ក្លឹប​ទាំង​ពីរ​ចុង​ក្រោយ បន្ត​ឡើង​មក​ប៉ះ​គ្នា​ដណ្តើម​ពាន​រង្វាន់ UEFA Champions League រដូវ​កាល ២០២២/២៣។

នេះ​គឺ​ជា​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​ក្លឹប​អ៊ីតាលី Inter Milan ត្រូវ​ជួប​គ្នា ត​ទល់​ក្លឹប​សំពៅ​មាស Manchester City មក​ពី​អង់គ្លេស ដ្បិត​អតីតកាល​ស្គាល់​ជាតិ​សាកល្បង​ជើង​ទៅ​មក​ដែរ តែ​ត្រឹម​ការ​ប្រកួត​មិត្តភាព ឬ​ជំនួប​ត្រៀម​បើក​រដូវ​កាល។

Inter បាន​យក​ឈ្នះ តាម​រយៈ​ការ​ទម្លាក់​ក្លឹប​រួម​ទីក្រុង AC Milan ដោយ​លទ្ធផល​ទាំង​ពីរ​ជើង ៣-០ ខណៈ City យក​ឈ្នះ​ទៅ​លើ​គូ​ប្រជែង​ចាស់ Real Madrid ៥-១ ឥត​ឲ្យ​វាយបក Comeback ត្រលប់​មក​វិញ​រួច ដូច​កាល​ឆ្នាំ​ចាស់​ ២០២២។ កាលបរិច្ឆេទ​ប្រកួត នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Ataturk Olympic Stadium នៃ​ទីក្រុង​ Istanbul ប្រទេស​ទួរគី នា​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ១១ ​មិថុនា ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports។

គួរ​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​លើក​ទី ២ ហើយ​សម្រាប់​ក្លឹប​ម្ចាស់ដី Etihad ក្នុង​ការ​ឡើង​មក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ក៏​ជា​ការ​បន្ត​បេសកកម្ម​ចង់ស្គាល់​ជាតិ​ឈ្នះ​ពាន UCL លើក​ដំបូង​បង្អស់ ក៏ជាមួយ​រដូវ​កាល​ដំបូង​នៃ​​វត្តមាន​សមាជិក​ថ្មី គឺ​មនុស្ស​យន្ត Erling Haaland។ ចំណែក​ឯ​ក្លឹប​ម្ចាស់ដី San Siro បាន​ឡើង​មក​កាន់​វគ្គ​នេះ លើក​ទី ៦ សម្រេច​លទ្ធផល​ ៥ លើក​កន្លង​មក ឃើញ​ថា​ឈ្នះ​ជើង​ឯក​ដល់​ទៅ ៣ សម័យ។

ក្រៅ​តែ​ពី​រឿងរ៉ាវ​ខាង​លើ យើង​ក៏​ច្បិច​លើក​មក​បង្ហាញ​នូវ​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ២ ផ្សេង​ទៀត​ដែរ របស់​កីឡាករ Bernardo Silva និង​អ្នកចាត់ការ​ក្លឹប​ខាង​គូ​ប្រជែង​លោក Carlo Ancelotti។ សម្រាប់​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ បាន​ក្លាយ​ជា​កីឡាករ​ទី​បី​ដែល​អាច​រក​បាន ២ គ្រាប់ ឬ​ច្រើន​ជាង​នេះ ក្នុង​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ​ទល់ Real Madrid ខកខាន​ធ្វើ​បាន​តាំង​ជំនាន់ Lionel Messi នៅ​ឆ្នាំ ២០១១ និង Robert Lewandowski នៅ​ឆ្នាំ ២០១៣។

រី​ឯ​គ្រូ​សញ្ជាតិ​អ៊ីតាលី បាន​ចារ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី ក្លាយ​ជា​អ្នកចាត់ការ ដឹកនាំ​ការ​ប្រកួត​ទី ១៩១ នៅ​ក្របខ័ណ្ឌ UEFA Champions League ជា​តួ​លេខ​ត្រូវ​កត់ត្រា​ច្រើន​ជាង​នរណាៗ​ទាំង​អស់ នេះ​បាន​បំបែក​តួ​លេខ​ចាស់​របស់​គ្រូ​តា​លោក Sir Alex Ferguson ដឹកនាំ​ត្រឹម​ប្រកួត​ទី ១៩០៕