នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ មហាជនអ្នកនិយមស្នេហាវិស័យកីឡា និង អ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីរំជួលចិត្ត និង ស្ញើចសរសើរមិនដាច់ពីមាត់នូវទឹកចិត្តឪពុករបស់កីឡាការិនី និង កីឡាករ ៣ រូប ដែលបានគាំទ្រកូនដោយផ្ទាល់ ជួយជាកម្លាំងចិត្តដ៏ធំឱ្យកូនៗក្នុងការប្រកួតដើម្បីដណ្តើមមេដាយមាសជូនជាតិ។ ទឹកចិត្តឪពុកកីឡាករ កីឡាការិនី ដែលធ្វើឱ្យមហាជនរំជួលចិត្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នោះមានដូចជា ៖
១. កីឡាការិនី ខាន់ ចេសា និង ឪពុក ឪពុករបស់ ខាន់ ចេសា ជាបុរសតែម្នាក់គត់ដែលតែងនៅក្បែរ ចេសា មិនថាពេលចាញ់ ឬ ឈ្នះឡើយ។ ពិតណាស់ រាល់ការប្រកួតរបស់កូន ឪពុកកីឡារិនី ខាន់ ចេសា តែត្រូវបានមហាជនឃើញថាបាននៅក្បែរកូនគ្រប់ពេល ជាក់ស្តែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ នេះ កាលពីប្រកួតដំបូងទោះបី ខាន់ ចេសា បានត្រឹមដាយប្រាក់ដោយចាញ់ដៃកីឡាការិនី ហ្វីលីពីន ក្តី ក៏លោកនៅពីក្រោយចាំលើកទឹកចិត្តដល់កូន ផ្តល់ភាពកក់ក្តៅដល់កូនជានិច្ច។ យ៉ាងណាមិញ ចំពោះការប្រកួតលើកទី ២ ពេលដែលកីឡាការិនី ខាន់ ចេសា បានយកឈ្នះមេដាយមាសមកវិញនោះទេ ក៏មានវត្តមានឪពុកនៅក្បែរផងដែរ។
២. កីឡាករ អេវីរៈ ខាំឈីតភូថង និង ឪពុក ដែលជាស្ដេចប្រដាល់ អេ ភូថង ក្រោយទទួលបានជ័យជំនះ ទទួលបានមេដាយមាស លើប្រភេទកីឡាវ៉ូវីណាម កីឡាករ អេវីរៈ ខាំឈីតភូថង បានរត់ទៅឱបលោកពុកម្តាយរបស់ខ្លួនទាំងទឹកភ្នែករលីងរលោង នៅទីតាំងដែលលោកពុកម្តាយរបស់ខ្លួនអង្គុយគាំទ្រលើកទឹកចិត្ត រង់ចាំមើលកូនជាទីស្រឡាញ់យកជ័យជំនះជូនគ្រួសារ និង ជាតិមាតុភូមិ។
២. កីឡាការិនី ស្រួង ភាវី និងឪពុក ក្រោយទទួលបានមេដាយមាស ស្រួង ភាវី បានទម្លាយថាពីទឹកចិត្តឪពុករបស់ខ្លួនថា ៖ «រាល់ពេលដែលដឹងថា ខ្ញុំត្រូវឡើងប្រកួតម្ដងៗ ឪពុករបស់ខ្ញុំគាត់ដាក់ចិត្តដាក់បេះដូង មើលខ្ញុំប្រកួតពីចម្ងាយ តាមទូរសព្ទដៃរបស់គាត់ ពេលខ្លះគាត់មើលឡើងគ្រុន ព្រោះខ្លាចកូនចាញ់គេ គាត់ប្រឹងរហូតដល់ឈឺសរសៃពោះ ព្រោះខំប្រឹងតាមកូនស្រី ពេលប្រកួតនៅទឹកដីកូរ៉េកន្លងមក។ ពេលនេះលោកពុកបានមកមើលកូនប្រកួតដោយផ្ទាល់ នៅលើទឹកដីនៃមាតុភូមិ ខ្ញុំដឹងថាអារម្មណ៍លោកពុកពេលនេះ ក៏មិនខុសពេលមុនៗដែរ»៕