ល្អហួស! មកដឹងពីប្រវត្តិត្រួសៗរបស់កីឡាករបាល់ទះពាក់អាវលេខ ១២ របស់ឥណ្ឌូនេស៊ី ដែលអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំង…

ខែ​ឧសភា 9, 2023

ក្នុងការប្រកួតប្រភេទកីឡាបាល់ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ឃើញថាក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដោយសារតែទឹកដៃលេងយ៉ាងល្អមិនដែលចាញ់សូម្បីមួយប្រកួត រហូតដល់វគ្គផ្ដាច់ព្រ័ត្រទទួលបានមេដាយមាស ក្រោយយកឈ្នះលើក្រុមជម្រើសជាតិកម្ពុជាក្នុងលទ្ធផល ៣ ទល់នឹង ០។

ដោយឡែក ក្រៅពីក្រុមជម្រើសជាតិទាំងមូល កីឡាករជាច្រើនរូបរបស់ឥណ្ឌូនេស៊ី ក៏កំពុងត្រូវបានមហាជនចាប់ក្រសែភ្នែកណាស់ដោយ ដោយក្នុងនោះកីឡាករលេខ ១២ ក៏កំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់មហាជនដូចគ្នា ចំពោះថ្វីដៃលេងបានយ៉ាងល្អរបស់លោក។ ខាងក្រោមនេះ ជាប្រវត្តិត្រួសៗនៃកីឡាករ Rivan Nurmulki កីឡាករបាល់ទះនៃជម្រើសជាតិឥណ្ឌូនេស៊ី។

កីឡាករ Rivan Nurmulki កើតនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ១៩៩៥ ។ បច្ចុប្បន្ន លោកមានអាយុ ទើបតែ ២៧ ឆ្នាំ និង មានកម្ពស់ ១ ម៉ែត្រ ៩៨។ Rivan បានចាប់ផ្ដើមចាប់យកអាជីពជាកីឡាករបាល់ទះ តាំងពីលោកមានវ័យត្រឹម ១៧ ឆ្នាំមកម្ល៉េះ។ កីឡាកររូបនេះបានសាងកេរ្ដិ៍ឈ្មោះល្បីសុសសាយក្នុងប្រទេសនាពេលកន្លងមក តាមរយៈការប្រកួតនានា ពោលគឺមានប្រវត្តិចូលរួមក្រុមដណ្ដើមបានមេដាយមាសក្នុងការប្រកួតស៊ីហ្គេម ៣ ជំនាន់មកហើយ។ ដោយឡែកសម្រាប់ជីវិតឯកជនរបស់លោកវិញ លោក Rivan បានរៀបការនឹងភរិយាដ៏ស្រស់សោភា គឺនាង Aprilia Indah Puspitasari នៅឆ្នាំ ២០២០ ព្រមទាំងទទួលបានចំណងដៃកូនស្រីម្នាក់ហើយដែរ៕