ការចែកសំបុត្រ Free មិនទទួលបានភាពវិជ្ជមានទាំងស្រុងនោះឡើយ ក្រោយអ្នកគាំទ្រខ្លះលើកឡើងបែបនេះ

ខែ​មេសា 25, 2023

មិនដល់ ២ថ្ងៃផង សំបុត្រទស្សនាការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស សម្រាប់ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ត្រូវបានចែកជូនដោយឥតគិតថ្លៃ អស់ពីស្តុកតែម្តង នេះបើតាមការបញ្ជាក់ពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

យ៉ាងណាមិញ ការចែកសំបុត្រដោយគិតថ្លៃនេះ ត្រូវបានមហាជនលើកឡើងទាំងគំនិតវិជ្ជមាន និងអវិជ្ជមាន។ ចំពោះភាពវិជ្ជមានត្រង់ថា​ វាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលរដ្ឋាភិបាលសម្រេចលើកលែងថ្លៃសំបុត្រចូលទស្សនាការប្រកួតតាំងពីដើម ដល់ចប់ ដោយអ្នកគាំទ្រយល់ថា ការធ្វើបែបនេះអនុញ្ញាតឲ្យមានប្រជាពលរដ្ឋរបស់ប្រទេសម្ចាស់ផ្ទះចូលទស្សនាផ្ទាល់ដល់កីឡដ្ឋានបានច្រើនដើម្បីលើកទឹកចិត្តដល់កីឡាករ ហើយវាក៏ជួយលើកមុខមាត់ជាតិបានមួយកម្រិតផងដែរ។

ផ្ទុយទៅវិញ ចំណុចអវិជ្ជមានខ្លះក៏ត្រូវបានគេលើកឡើងផងដែរ។ អ្នកគាំទ្រមួយចំនួនបានលើកឡើងថា ការចែកសំបុត្រដោយឥតគិតថ្លៃបែបនេះ ពិតជាទាក់ទាញមហាជនខ្លាំងក៏ពិតមែន ប៉ុន្តែនៅពេលដែលម្នាក់ៗសម្រុកទៅយកសំបុត្រក្នុងពេលតែមួយ ប្រជ្រៀតគ្នាណែនណាន់តាន់តាប់ វាបង្កើតទៅជារូបភាពមួយមិនល្អទៅវិញ។

អ្នកខ្លះថា សំបុត្រគួរតែដាក់លក់ដូចសព្វមួយដង ប៉ុន្តែលក់ក្នុងតម្លៃពិសេសដែលអាចឲ្យអ្នកប្រជាពលរដ្ឋទូទៅមានលទ្ធភាពទិញបាន ឬអាចលក់តម្លៃពិសេសសម្រាប់ភ្ញៀវបរទេសដែលមានបំណងចង់ចូលទស្សនាការប្រកួតស៊ីហ្គេមនៅកម្ពុជា។

យ៉ាងណាក៏ដោយ ប្រទេសជិតខាងក៏បានលើកចំណុចអវិជ្ជមានជុំវិញរឿងសំបុត្រ Free នេះផងដែរ ដោយពួកគេខ្លះយល់ថា ការចែកសំបុត្រ Free បែបនេះអាចនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ទៅវិញទេ ហើយការប្រជ្រៀតគ្នាក្រោមអាកាសធាតុក្តៅបែបនេះ ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ ពិសេសអ្នកដែលមានបញ្ហាថប់ដង្ហើមជាដើម។

គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចែកសំបុត្រ Free អស់ ៣៥,០០០សន្លឹក តែក្នុងរយៈពេល ២ថ្ងៃប៉ុណ្ណោះ ខណៈដែលមនុស្សម្នាក់អាចទទួលបានត្រឹម ២សន្លឹកប៉ុណ្ណោះ៕