ប្រពៃណាស! ប្រជាជនអាស៊ានទាំងមូល​ សាទរកម្ពុជា​ ជុំវិញការរៀចំស៊ីហ្គេម​លើកទី៣២​ ខាងមុខនេះ…

ខែ​មេសា 24, 2023

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏អស្ចារ្យបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិស៊ីហ្គេម ចាប់តាំងពីព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៩ មក។

ភាពអស្ចារ្យនៅស៊ីហ្គេមលើកទី៣២នេះ គឺម្ចាស់ផ្ទះសម្រេចផ្តល់ជូនគ្រប់យ៉ាងដោយសេរី ដើម្បីស្វាគមន៍ក្រុមភ្ញៀវយ៉ាងកក់ក្តៅជាទីបំផុត។

ការផ្តល់ជូនធំៗចំនួន ៣ រួមមាន៖

១, ផ្តល់ការហូបចុកស្នាក់នៅ និងដឹកជញ្ជូនដល់ប្រតិភូ និងអត្តពលិកដែលមកចូលរួម ដោយមិនគិតថ្លៃ។

២, ផ្តល់ជូនថ្លៃសំបុត្រចូលទស្សនាការប្រកួតពេញមួយ Tournament ដោយមិនគិតថ្លៃ។

៣, ផ្តល់សិទ្ធិផ្សាយបន្តផ្ទាល់ ដោយមិនគិតថ្លៃ។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងរាល់ការចំណាយទាំងអស់ជូនដល់មិត្តអាស៊ាន ធ្វើឲ្យផ្ទុះមតិសាទរយ៉ាងច្រើន ពោលមិត្តអាស៊ានបានកោតសរសើរពីទឹកចិត្តរបស់កម្ពុជា ដែលជាប្រទេសតូច តែបេះដូងធំគួរឲ្យគោរព។

មិត្តបរទេសខ្លះយល់ថា ក្រោយចប់ស៊ីហ្គេមលើកទី៣២នេះ កម្ពុជានឹងមានការទទួលស្គាល់ថែមមួយកម្រិតទៀតនៅលើឆាកអន្តរជាតិ ខណៈដែលខ្លះទៀតបានគោរពកោតសរសើរយ៉ាងស្មោះអស់ពីចិត្តជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូដល់បញ្ហានេះ

ហើយពួកគេជឿថា ប្រហែលជាមានតែកម្ពុជាមួយគត់ ដែលរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំលំដាប់អន្តរជាតិបែបនេះ ដោយពុំគិតកម្រៃពីប្រទេសជាភ្ញៀវដែលមកចូលរួម។

យ៉ាងណាក៏ដោយ បើតាមប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាល់ការចំណាយរបស់ប្រតិភូ និងអត្តពលិកទាំងអស់គឺជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែសម្រាប់ភ្ញៀវអាស៊ានដែលមកគាំទ្រអត្តពលិករបស់ខ្លួននៅកម្ពុជា

ត្រូវចំណាយលើការចាយវាយដូចជាថ្លៃហូបចុក ស្នាក់នៅ និងថ្លៃធ្វើដំណើរដោយខ្លួនឯង លើកលែងថ្លៃសំបុត្រចូលទស្សនាការប្រកួត ពុំគិតថ្លៃលក់សំបុត្រឡើយ ប៉ុន្តែត្រូវបំពេញតាមលក្ខខណ្ឌរបស់គណៈកម្មការគ្រប់គ្រងការប្រកួតដើម្បីទទួលបានសំបុត្រ Free ៕