Lionel Messi ត្រូវបានគេរាយការណ៍ថាសម្រេចចាកចេញពី Paris Saint Germain ក្រោយចប់រដូវកាលនេះ ហើយពេលនេះទទួលបានសំណើរនៅលើតុ ដែលមានតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីក្លឹប Al Hilal របស់ Saudi Pro League។
អ្នកជំនាញការផ្ទេរកីឡាករ Fabrizio Ramano បានអះអាងមុននេះថា ទំនាក់ទំនងរវាងម្ចាស់ជើងឯក World Cup និង PSG បានបែកបាក់ទាំងស្រុង បន្ទាប់ពីតារារូបនេះបានធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាត។ Romano ឥឡូវនេះបានរាយការណ៍ថាក្រុម Al Hilal របស់អារ៉ាប៊ីសាអូឌីតបានដាក់សំណើរជាផ្លូវការដែលមានតម្លៃ ៣៥០លានផោន ក្នុងមួយឆ្នាំ។
ប្រសិនបើព្រមទទួលយក វានឹងធ្វើឱ្យ Messi ក្លាយជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងពិភពលោក ដោយលើសដៃគូប្រជែងកាន់ឆ្នាំ របស់គាត់ Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងកាន់កាប់វា។
តារាសញ្ជាតិព័រទុយហ្គាល់ដែលបានចុះហត្ថលេខាជាមួយ Al Nassr កាលពីខែមករា តាមសេចក្តីរាយការណ៍រកបាន ១៧៥លានផោន ក្នុងមួយឆ្នាំ។ វានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយដែលនឹងបង្កើតការប្រកួតប្រជែងដ៏អស្ចារ្យរបស់កីឡាបាល់ទាត់ល្អបំផុតទាំងពីរម្តងទៀត ប៉ុន្តែលើកនេះនៅមជ្ឈិមបូព៌ា។
ទោះជាយ៉ាងណាក៏ដោយ Romano អះអាងថាអាទិភាពរបស់ Leo គឺបន្តនៅអឺរ៉ុប ហើយថាអតីតក្រុមរបស់គាត់ Barcelona កំពុងរង់ចាំការបើកផ្លូវ FFP ដើម្បីបើកការពិភាក្សាជាមួយ Messi។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យបច្ចុប្បន្នរកបាន ៦០លានផោន ក្នុងមួយឆ្នាំនៅ PSG ដូច្នេះការផ្តល់ជូនណាមួយដែលមកពីក្រុមកំពូលនៅអឺរ៉ុប ទំនងជាមិនអាចប្រជែងនឹងការផ្តល់ជូនពី Al Hilal បាននោះទេ៕