លោក Farshad Khatiri ជនជាតិអ៊ីរ៉ង់ ដែលជាអ្នកផ្គូរផ្គងកីឡាករវាយក្នុងស្រុក និងក្រៅស្រុកដ៏ល្បីឈ្មោះ សន្មត់ថា ការប្រកួតរវាងកីឡាករគុនខ្មែរអ្នកលេងជង្គង់ទិព្វ ព្រំ សំណាង និងកីឡាករឃីកបុកស៊ីអ៊ីរ៉ង់ Arvin Mehboudi នឹងមិនមាននរណាម្នាក់សន្លប់ឡើយ ។ លោក Farshad ជឿជាក់ថា ការប្រកួតនេះ នឹងបញ្ចប់ទៅដោយពេញទាំង៥ទឹក។
«ខ្ញុំសង្ឃឹមថាការប្រកួតនឹងបញ្ចប់ពេញ ៥ទឹក»។ លោក Farshad Khatiri អ្នកផ្គូរផ្គងកីឡាករប្រដាល់ប្រចាំសង្វៀន រាចាដាំនឿន ប្រទេសថៃ ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិក នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ដូច្នេះ។ លោក Farshad អះអាងថា ការប្រកួតរវាងកីឡាករ ព្រំ សំណាង និង Arvin Mehboudi នឹងមិនមានកីឡាករណាសន្លប់នៅលើសង្វៀននោះទេ។
អ្នកផ្គូរផ្គងកីឡាករប្រកួតក្នុងស្រុក និងក្រៅស្រុករូបនេះ បាននិយាយថា៖«ព្រោះនេះជាការប្រកួតលក្ខណៈអាជីព ហើយយើងមិនអាចដឹងមុនបានទេថា វានឹងមានអ្វីកើតឡើង។ អ៊ីចឹង!មានតែរង់ចាំមើលការប្រកួតបញ្ចប់សិន»។ លោក Farshad បន្តថា ការប្រកួតនេះ នឹងអង្រួនអារម្មណ៍ទស្សនិកជន ។
លោក Farshad Khatiri និយាយថា៖«ពិតណាស់ ព្រំ សំណាង ជាកីឡាកររបស់ខ្ញុំពីមុនមកដែរ។ សំណាង ជាកីឡាករខ្លាំងពិតណាស់ ហើយគាត់គឺជាកីឡាករដែលមានបទពិសោធន៍ក្រាស់ក្រែល នៅលើសមរភូមិសង្វៀន ។ ចំពោះ Arvin គាត់ជាកីឡាករឃីកបុកស៊ីង និងជាអ្នកប្រដាល់ម៉ឺយថៃ(Muaythai) គាត់បុកហ្វឹកហាត់ខ្លាំងជារៀងរាល់ថ្ងៃ»។
គួបញ្ជាក់ថា ការប្រកួតរវាងកីឡាករ ព្រំ សំណាង និង Arvin Mehboudi នឹងប្រកួតនៅក្នុងកម្មវិធីប្រដាល់«មរតកគុនខ្មែរ NNP» ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នាសង្វៀនប្រដាល់ថោន៕