អាវកីឡាបាល់ទាត់ចំនួន 06 ដែល Lionel Messi បានពាក់ក្នុងអំឡុងការប្រកួត FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតាសម្រាប់ប្រទេសអាហ្សង់ទីន នឹងត្រូវបានគេដាក់ឲ្យដេញថ្លៃក្នុងខែធ្នូជាមួយនឹងតម្លៃប៉ាន់ស្មានប្រហែល 10 លានដុល្លារ។
វាត្រូវបានគេបង្ហាញថា Lionel Messi បានពាក់អាវអាហ្សង់ទីនទាំងក្នុងវគ្គចែកពូលក៏ដូចជាវគ្គជម្រុះ World Cup ផងដែរ ហើយសម្រាប់ឈុតដែលត្រៀមនិងដាក់ដេញថ្លៃនោះក៏មានអាវដែល Lionel Messi បានពាក់ក្នុងវគ្គផ្តាច់ព្រ័ត្រទល់នឹងបារាំងផងដែរ។ សម្រាប់ការដេញថ្លៃនេះនឹងត្រូវបានរៀបចំឡើងដោយសាជីវកម្មពហុជាតិដែលបង្កើតឡើងដោយចក្រភពអង់គ្លេស Sotheby’s ហើយប្រសិនបើការប្រមូលទិញលើសពី 10 លានដុល្លារនោះ វានឹងក្លាយជាការប្រមូលវត្ថុអនុស្សាវរីយ៍កីឡាដ៏មានតម្លៃថ្លៃបំផុតដែលមិនធ្លាប់មានកន្លងមក។
គួរឲ្យដឹងផងដែរថា អាវរបស់វីរបុរស Chicago Bulls លោក Michael Jordan ដែលពាក់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ NBA ឆ្នាំ 1998 គឺជាអាវកីឡាបុគ្គលដ៏ថ្លៃបំផុតដែលត្រូវបានគេដាក់លក់ក្នុងតម្លៃ 10.1 លានដុល្លារកាលពីឆ្នាំមុន។ ងាកមកអាវរបស់ Lionel Messi នេះវិញនឹងមានដាក់បង្ហាញឲ្យមើលជាសាធារណៈដោយមិនគិតថ្លៃក្នុងអំឡុងពេលការដេញថ្លៃដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី30 ខែវិច្ឆិកា រហូតដល់ថ្ងៃទី14 ខែធ្នូ ឆ្នាំ2023 ៕