កាលពីពេលកន្លងទៅថ្មីៗ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំសម្ដែងក្ដីភ្ញាក់ផ្អើល និង ចូលរួមរំលែកទុក្ខ ក្រោយបានជ្រាបករណីស្ត្រីម្នាក់បាត់បង់ជីវិត ដោយសារមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែងស្ថិតនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។
ក្រោយការចាកចេញដ៏សោកសៅនេះ បុរសដែលជាស្វាមីបានបង្ហោះសារថា ៖ «វាមិនមែនជាសុបិនទៀតទេ យើងបានកាន់ដៃគ្នារយៈពេល ១០ ឆ្នាំហើយ តាំងពីបាតដៃទទេ រហូតដល់មានអ្វីៗគ្រប់យ៉ាងដូចពេលនេះ តែបែរជាអូនត្រូវចាកចេញដោយគ្មានថ្ងៃត្រលប់
អូនជាមនុស្សស្រីដែលល្អស្អាតឥដ្ឋខ្ចោះ ទាំងចរិតឫកពា ក្តីស្រឡាញ់ដល់ ឪពុកម្តាយ អ៊ំ ពូ មីង យាយតា បងប្អូន កូន ក្មួយ សាច់ញាតិ មិត្តភក្តិ ពិភពលោកនេះពិតជាអយុត្តិធម៌ពេកហើយសម្រាប់ពួកខ្ញុំ។
មិនដែលគិតពិភពលោកក្នុងផ្លូវអាក្រក់ឡើយ តែបែរជាពង្រាត់ពួកខ្ញុំដោយគ្មានអាសូរ គ្រាន់តែពួកយើងចង់បានការជួបជុំគ្នា រួមរស់នៅជាមួយគ្នារហូតដល់ចាស់ក៏មិនបាន បើអាចប្តូរបានខ្ញុំសុំប្តូរពីអ្វីៗបច្ចុប្បន្ន
ទៅកាលពីដប់ឆ្នាំមុនទោះគ្មានអ្វីគ្រប់យ៉ាងដូចពេលនេះ តែមានក្តីសុខបំផុត គ្មានអូន តើបងត្រូវគិតជាមួយអ្នកណា បងត្រូវសួរយោបល់អ្នកណា បានអ្នកណាជួយណែនាំបង បានអ្នកណាផ្តល់កម្លាំងចិត្តដល់បង អ្នកណាសន្សំលុយទុក្ខឱ្យបងខ្ចី អ្នកណាកោសខ្យល់ឱ្យបង»។
បុរសរូបនេះ បានបន្តទៀតថា ៖ «ហេតុអ្វី (អាចរួមទុក្ខបានតែមិនអាចរួមសុខបាន) អូនគឺជាមនុស្សស្រីដែលបងស្រឡាញ់ និង នឹកនាអស់មួយជីវិត អ្វីៗគ្រប់យ៉ាងដែលបងមាននៅថ្ងៃនេះគឺដោយសាមានអូន ម៉ោងរោទ៍របស់បងអើយ…»៕