Mason Greenwood ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅសម្រាប់ក្រុម Al-Ettifaq នៃលីគអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការប្រកាសថាគាត់នឹងចាកចេញពី Manchester United ។
បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងដ៏យូរអង្វែងរួចមក ក្រុមបិសាចក្រហមបានបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះនឹងមិនចូលរួមក្នុងផែនការរបស់ពួកគេសម្រាប់រដូវកាល ២០២៣-២៤ នោះទេ។
Greenwood ដែលរងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ បំពាន និងបង្ខិតបង្ខំកាលពីខែកុម្ភៈឆ្នាំ២០២២កន្លងទៅ បានទទួលយកការសម្រេចចិត្តរបស់ Man United ហើយយល់ព្រមចាកចេញ ដើម្បីចាប់ផ្តើមថ្មីនៅក្នុងអាជីពដ៏ស្មុគស្មាញរបស់តារាវ័យក្មេងរូបនេះ។
យោងតាមសារព័ត៌មាន The Sun ក្លិបអារ៉ាប៊ីសាអូឌីត Al-Ettifaq កំពុងពិចារណាលើការផ្លាស់ប្តូរ សម្រាប់អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ។
Al-Ettifaq បច្ចុប្បន្នកំពុងដឹកនាំដោយវីរបុរស Liverpool លោក Steven Gerrard និងបានចុះហត្ថលេខាលើអតីតប្រធានក្រុមហង្សក្រហម Jordan Henderson កាលពីដើមរដូវក្តៅនេះផងដែរ។ Greenwood អាចត្រូវបានផ្តល់ជូនកិច្ចសន្យាដែលមានតម្លៃ ១០ លានផោន (១៣ លានដុល្លារ) ក្នុងមួយឆ្នាំនៅមជ្ឈឹមបូព៌ា។
Al-Ettifaq មិនមែនជាក្រុមតែមួយគត់ដែលកំពុងតាមចែចូវខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេសរូបនេះនោះទេ ខណៈក្លឹបមួយចំនួនក្នុងប្រទេសអ៊ីតាលី រួមទាំង Roma របស់លោក Jose Mourinho និងក្រុមឈានមុខគេក្នុងប្រទេសតួគី ដូចជា Galatasaray ក៏ត្រូវបានគេនិយាយថាចង់បាន Greenwood ផងដែរ។
Man United មិនទាន់បានបញ្ជាក់ថា តើពួកគេនឹងត្រូវបញ្ចប់កុងត្រារបស់ Greenwood នៅ Old Trafford ឬក៏បញ្ជូនរូបគេចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅឡើយទេ។ ស្របពេលកិច្ចព្រមព្រៀងរបស់ Greenwood ជាមួយក្លឹបបីសាចក្រហម មានសុពលភាពរហូតដល់ឆ្នាំ២០២៥៕