ស្អាតខ្លាំង! ទិដ្ឋភាពពហុកីឡដ្ឋានជាតិមរតកតេជោក្នុងពេលរាត្រី មើលពីអាកាស ជះពន្លឺពណ៌មាស គួរឱ្យពេញចិត្ត…

ខែ​មេសា 29, 2023

គិតត្រឹមថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ នេះ គឺនៅសល់តែ ៦ ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបើកព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ហើយ ដែលនេះជាលើកដំបូងដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនេះ ក្រោយពីបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ។

ជាក់ស្ដែង នាពេលថ្មីនេះដែរ កម្ពុជាក៏បានបង្ហាញប្រាប់ឱ្យពិភពលោកបានដឹងដែរថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបើកការប្រកួតដ៏អស្ចារ្យមួយនេះ ដោយរាជរដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ធ្វើយ៉ាងណាដើម្បីលើកស្ទួយប្រទេសឱ្យកាន់តែមានល្បីល្បាញ។

ទន្ទឹមនឹងនេះដែរ មកដល់ពេលនេះគ្រប់យ៉ាងបានត្រៀមរួចរាល់អស់ហើយជាពិសេសនៅតាមដងផ្លូវ គឺមានបន្ថែមពណ៌សម្រាប់ទ្រូងផ្លូវ ការតុបតែងលម្អដើមឈើតាមផ្លូវជាមួយនឹងភ្លើងយ៉ាងភ្លឺច្បាស់ល្អ ហើយកាន់តែពិសេសទៀតនោះគឺពហុកីឡដ្ឋានជាតិ មរតកតេជោ ក៏បានរៀបចំតុបតែងបានយ៉ាងស្អាតជាពិសេស ដើម្បីធ្វើពិធីបើក និង បិទ ក៏ដូចជាដើម្បីប្រកួតកីឡាផ្សេងៗផងដែរ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ៕ រូបភាពដោយ ៖ The Black Tiger និង CMA Media Team