អត្តពលិក៨ពាន់នាក់ នឹងមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ អត្តពលិកទាំង៨ពាន់នាក់ នឹងដណ្តើមមេដាយក្នុង៣៦ប្រភេទកីឡា ក្នុងចំណោមវិញ្ញាសាសរុបចំនួន៥៨៤។
ក្នុងកម្មវិធីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡានៅថ្ងៃទី១០ ខែមេសា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីចំនួនអត្តពលិកសរុប ដែលនឹងត្រូវចូលរួមប្រកួតប្រជែងនៅកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលសិទ្ធិរៀបចំលើកដំបូង។
ក្នុងចំណោមប្រទេសចូលរួមទាំង១១ រាប់ទាំងម្ចាស់ផ្ទះកម្ពុជា មានអត្តពលិកចូលរួមសរុបប្រមាណ៨ពាន់នាក់ ដោយប្រជែងក្នុង៣៦ប្រភេទកីឡា លើ៥៨៤វិញ្ញាសា។ ដោយឡែកប្រភេទកីឡាបាល់ទាត់លើតុ (Taqball) ដែលមាន៥វិញ្ញាសា ក៏នឹងមានវត្តមាននៅស៊ីហ្គេមឆ្នាំ២០២៣ផងដែរ ប៉ុន្តែគ្រាន់ជាកីឡាបង្ហាញប៉ុណ្ណោះ មិនមានការផ្តល់មេដាយឡើយ។
កាលពីសប្តាហ៍មុន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានប្រកាសចំនួនប្រតិភូកីឡាទាំង១១ប្រទេស សរុប១២៤០៤នាក់ ដែលត្រូវចូលរួមដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ចំណោម១១ប្រទេស ថៃ បញ្ជូនប្រតិភូកីឡាច្រើនជាងគេចំនួន ១៩៨៥នាក់ តាមពីក្រោយដោយឥណ្ឌូណេស៊ី ១៨០២នាក់ ឯម្ចាស់ផ្ទះកម្ពុជានៅលេខ៧ មានចំនួន១១៥៨នាក់។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្តើមការប្រកួតផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា។ គិតមកដល់ថ្ងៃទី១០ ខែមេសានេះ កម្ពុជានៅសល់២៥ថ្ងៃប៉ុណ្ណោះ ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕