ក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី នឹងឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ទោះបីជាក្រុមទាំងពីរនឹងត្រូវជួបគ្នានៅក្នុងការប្រកួតចុងក្រោយ ក្នុងពូល A វិញ្ញាសាបាល់ទះផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ក៏ដោយ។
កម្ពុជា បន្តធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតទី២របស់ខ្លួន ដោយបានបំបាក់ក្រុមហ្វីលីពីន ដោយលទ្ធផល ៣សិតទល់នឹង០ (២៥-១៨, ២៥-១៨, ២៥-១៧) ដើម្បីឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូល នៅក្រោមក្រុមការពារមេដាយមាសស៊ីហ្គេមឆ្នាំមុន ឥណ្ឌូណេស៊ី ដែលបានយកឈ្នះទៅលើសិង្ហបុរីដោយលទ្ធផល ៣សិតទល់នឹង០ (២៩-២៧, ២៥-៨, ២៥-១០) ក្នុងការប្រកួតទីពីរ។ ដូច្នេះ ឥណ្ឌូណេស៊ីមានមធ្យមភាគផលសងគ្រាប់បាល់ ១,៤៨១ លើកម្ពុជា ដែលមាន ១,៤១៥ ។
កម្ពុជា នឹងត្រូវប៉ះឥណ្ឌូណេស៊ី ក្នុងការប្រកួតដណ្ដើមយកលេខ១ ក្នុងពូល នាថ្ងៃទី៦ ខែឧសភា វេលាម៉ោង ៧:៣០ នាទីយប់តទៅ៕