កម្ពុជារង់ចាំអស់រយៈពេល៦៤ឆ្នាំទម្រាំមានឱកាសធ្វើជាម្ចាស់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទិដ្ឋភាពដ៏អធិកអធមនេះ គឺជាស្មារតីនៃការរួបរួមគ្នារបស់ប្រជាជនកម្ពុជានិងបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១១។ ក្នុងព្រឹត្តិការណ៍កីឡា SeaGames 2023 នេះកីឡាករ-កីឡាការីនីកម្ពុជាគ្រប់រូបបានបេ្ញជ្តាចិត្ត ខំប្រឹងហ្វឹកហាត់យប់ថ្ងៃ ដោយរំពឹងថានឹងយកមេដាយមាសជូនកម្ពុជាឱ្យបានច្រើនបំផុត។
ជាក់ស្តែងមានកីឡាការិនីកូនកាត់មានឈាមជ័រជាខ្មែរ៣រូប សុទ្ធតែធ្លាប់ឈ្នះមេដាយមាសក្នុងការប្រកួតកីឡាពិភពលោក និងកីឡាថ្នាក់ជាតិជាច្រើនតំណាងឱ្យកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីមកជួយកម្ពុជាដណ្តើមមេដាយមាសស៊ីហ្គេមលើកីឡាទាំង៣ប្រភេទនេះតាមជំនាញរៀងៗខ្លួន បេ្តជ្ញាថានឹងបង្ហូតទង់ជាតិកម្ពុជាឱ្យបានខ្ពស់បំផុតទៅកាន់ពិភពលោកឱ្យស្គាល់ខ្មែរកាន់តែខ្លាំងជាងមុន។
១. កុមារី ចាន់ មីសែល អានីកា ( Chan Michelle Annika ) ប្រកួតក្នុងវិញ្ញាសាវាយកូនឃ្លីលើតុ
“ពួកយើងគឺជាកូនខ្មែរ នៅទីណាទឹកចិត្តរបស់យើងនៅតែជាខ្មែរ” សម្រង់សម្តីកុមារីខ្លួនតូចបេះដូងធំ កូនខ្មែរវ័យ១៥ឆ្នាំ កើតនិងធំធាត់នៅសហរដ្ឋអាមេរិកនិងជា កីឡាការិនីវ័យក្មេងផ្នែកកីឡាវាយកូនឃ្លីលើតុ ត្រៀមមកកម្ពុជាប្រកួតនៅស៊ីហ្គេមយកមេដាយមាស។ ចេះលេងនឹងបានហ្វឹកហាត់តាំងពីអាយុ១០ឆ្នាំ កុមារីរូបនេះជាធ្លាប់ជាជើងឯក ជាម្ចាស់ជ័យលាភីកីឡាវាយកូនឃ្លីលើតុ នៅអង់គ្លេសផងនៅអាមេរិកផង និងធ្លាប់ប្រកួតនៅកម្ពុជា ជាប់ជាជ័យលាភីលេខ១ថ្នាក់ជាតិ International Children Game។
២. កីឡាការិនី ខាន់ ចេសា ( Jessa Khan ) ប្រកួតក្នុងវិញ្ញាសាជឺជីតស៊ូ
“មិនថាខ្ញុំនៅទីណាទេ ខ្ញុំជាជនជាតិខ្មែរ ខ្ញុំនៅទីនេះដើម្បីតំណាងឱ្យកម្ពុជា ខ្ញុំពិតជារំភើបណាស់ក្នុងការព្យាយាមម្តងទៀត ដើម្បីដណ្ដើមយកមេដាយមាសជូនកម្ពុជា” ការលើកឡើងរបស់ ខាន់ ចេសា ជាមួយ BTV។ ជើងខ្លាំងកីឡាជឺជីតស៊ូរូបនេះជាកូនកាត់៣សាសន៍ ធំធាត់នៅអាមេរិក នាងបាននៅជាមួយកីឡាចាប់តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ។
នាងជាកូនខ្មែរដែលដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 ហើយក៏ជាមនុស្សដំបូងដែលទទួលបានមេដាយមាសដំបូងលើប្រភេទកីឡា ជឺជីតស៊ូ ឱ្យកម្ពុជាកាលពីឆ្នាំ ២០១៨ ក្នុងព្រឹត្តិការណ៍ Asian Games ។
៣. កីឡាការិនី សេលីណា ឈីវ ( Selena Chhiv ) ប្រកួតក្នុងវិញ្ញាសាបាល់ទាត់នារី
“ខ្ញុំនឹងធ្វើគ្រប់យ៉ាងទំាងចិត្តទាំងកាយ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ព្រោះខ្ញុំបានត្រៀមខ្លួនរួចជាស្រេចនិងហាត់គ្រប់ពេល” យុវតីកូនខ្មែរ-កាណាដារូបនេះគឺជាកីឡាការិនីផ្នែកបាល់ទាត់នារី និងធ្លាប់ជាម្ចាស់ជ័យលាភីមេដាយជាច្រើនក្នុងការប្រកួតនៅប្រទេសកាណាដា។ នាងអាចទាត់បាល់តាំងពីអាយុ៥ឆ្នាំ ហើយដើម្បីបានប្រកួតនៅស៊ីហ្គេមមានពេលខ្លះនាងហាត់៦ថ្ងៃក្នុងមួយសប្តាហ៍៕