សម្តេច ហ៊ុន សែន សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ សូមកាត់បន្ថយការជិះរថយន្តផ្ទាល់ខ្លួនតូចៗ ហើយងាកមកជិះរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីសម្រួលចរាចរនៅក្នុងពេលប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
«ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ អំឡុងពេលព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម សូមអធ្យាស្រ័យកាត់បន្ថយ ការប្រើប្រាស់យានយន្ត និងសូមលើកទឹកចិត្តឲ្យប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ»។ សម្តេច ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីពិសាភោជនាហារ និងសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។
សម្តេច ហ៊ុន សែន ក៏បានដាស់តឿនដល់កូនខ្មែរជំនាន់ក្រោយសូមកុំភ្លេចនូវមរតកដូនតាដែលបានកសាងទុកសម្រាប់ប្រើប្រាស់នាពេលសព្វថ្ងៃ និងទៅមុខផងដែរ។ សម្តេចតេជោបន្តថា ទោះបីប្រទេសកម្ពុជាទើបតែរួចផុតពីសង្គ្រាម តែពហុកីឡដ្ឋានជាតិអូឡាំពិក នៅតែអាចបន្តរៀបចំការប្រកួតកីឡាស៊ីហ្គេម២០២៣ បាន ហើយនេះគឺជាផ្លែឈើសម្រាប់កូនខ្មែរជំនាន់ក្រោយ។
សម្តេចតេជោ បានរំលឹកថា៖«មិនត្រូវភ្លេចដល់អ្នកដាំ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ»។ ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានកសាងឡើងក្នុងសម័យដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានជួយសង់ពហុកីឡដ្ឋានមរតកតេជោថ្មីយ៉ាងស្រស់ស្អាតសម្រាប់បម្រើដល់សេវាកម្មព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ផងដែរ។
មុននឹងបញ្ចប់សម្តេចតេជោ បានអរគុណចំពោះវត្តមានចូលរួមក្នុងពិធីដ៏សែនរីករាយ ហើយសម្តេចថ្លែងថានឹងទន្ទឹងរង់ចាំលទ្ធផលល្អប្រសើរប្រកបដោយកិត្តិយស និងមោទកភាពជាតិ ដែលបានមកពីការខិតខំប្រឹងប្រែងការបំពេញការងារដោយការប្តេជ្ញាចិត្តខ្ពស់ដើម្បីឱ្យព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ទទួលបានជោគជ័យធំធេង។
គួបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណចំនួន ៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ៕