សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវឲ្យបងប្អូនដែលជាអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរបញ្ឈប់ការរិះគន់ និងវាយប្រហាគ្នាទាក់ទិនទៅនឹងការប្រកួតរវាង កីឡាករកម្ពុជា ឈឿង ល្វៃ និង កីឡាករថៃ សាមមី បេនឆាមេក កាលពីថ្ងៃទី១៥ ខែមេសា នៅខេត្តសៀមរាប។
តាមរយៈការផ្សាយបន្តផ្ទាល់នៅលើផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុច៣សំខាន់ដើម្បីសម្របសម្រួល និងបញ្ចប់ការរិះគន់ដូចខាងក្រោម៖
ទី១. សម្តេចតេជោបានឯកភាពនឹងលោកឧកញ៉ា ស្រី ចាន់ថន ពាក់ព័ន្ធនឹងកីឡាករមិនត្រូវអនុញ្ញាតឲ្យមានការប្រកួតបន្តទៅទៀតទេសម្រាប់អត្តពលិកជម្រើសជាតិកម្ពុជាដែលត្រៀមប្រកួតកីឡាស៊ីហ្គេម ដែលកាន់តែខិតជិតចូលមកដល់។
សម្តេចតេជោមានប្រសាសន៍ថា៖ “ប្រសិនបើមានហេតុការណ៍កើតឡើងដូចជាករណី កីឡាករ ឈឿង ល្វៃ តើជើងរបស់គាត់អាចនឹងជាសះស្បើយមុនការប្រកួតស៊ីហ្គេមបានឬទេ? នេះជាចំណុចដែលខ្ញុំឯកភាពជាមួយនឹងទស្សនៈរបស់លោកឧកញ៉ា ស្រី ចាន់ថន។ សូមឲ្យសហព័ន្ធកីឡាប្រដាល់យកចិត្តទុកដាក់ កុំឲ្យមានការថ្លោះធ្លោយណាមួយទាក់ទងនឹងកីឡាករដែលត្រូវប្រកួតស៊ីហ្គេមនៅពេលខាងមុខ“។
ទី២. សម្តេចតេជោបានលើកឡើងពីគូប្រកួតកាលពីថ្ងៃទី១៥ ខែមេសា ដែលគូខ្លះប្រកួត៣ទឹក តែគូ ឈឿង ល្វៃ និងកីឡាករថៃ សាមមី ប្រកួត៥ទឹក។
សម្តេចតេជោមានប្រសាសន៍ថា៖ “បញ្ហានេះ តាមការបកស្រាយ និងការយល់ឃើញរបស់ខ្ញុំផ្ទាល់ ប្រហែលជាគូនេះជាគូមិត្តភាព។ តាមធម្មតានឹងមិនអាចកើតឡើងទេ បើមិនមានការស្រុះស្រួលគ្នាមុនសម្រាប់ចាត់តាំងមុនការប្រកួត។ មិនថា ប្រកួតតែ៣ទឹក រួចហើយស្រាប់តែបង្ខំឲ្យប្រកួត៥ទឹកគឺខ្ញុំយល់ថា មិនអាចទេ។ អីចឹងបញ្ហានេះមានតែអ្នកចាត់តាំងការប្រកួតប៉ុណ្ណោះដែលអាចផ្តល់នូវចម្លើយលើបញ្ហានេះបាន“។
ទី៣. សម្តេចតេជោបានផ្តោតលើករណីរិះគន់ និងចោទប្រកាន់លើអាជ្ញាកណ្តាលដែលចាប់រាប់កីឡាករថៃគឺសម្តេចតេជោបានយល់ស្របតាមការបកស្រាយរបស់អាជ្ញាកណ្តាល។
សម្តេចតេជោបានមានប្រសាសន៍ថា៖ “យើងមិនអាចយកឈ្នះ ត្រឹមតែចង់បានឈ្នះ ហើយអាចនឹងសម្លាប់គូប្រកួតបាននោះឡើយ។ នេះគឺជារឿងអគុណធម៌ ហើយវាខុសជាមួយនឹងក្រិតក្រមនៃកីឡាផងដែរ។ នៅពេលដែលមានការបាត់បង់ការតបតហើយបែរជាគាត់មានការវ៉ៃបន្ថែមគឺអាចឈានដល់ស្លាប់ក៏អាចថាបាន។ ប្រសិនបើរឿងនេះ វាបានកើតនៅលើទឹកដីកម្ពុជា វាធ្ងន់ធ្ងរជាងអ្វីដែលកំពុងជជែកគ្នា ហើយរហូតដល់ចោទប្រកាន់ថា អាជ្ញាកណ្តាលកំពុងតែស៊ីសំណូកជនជាតិថៃ។ ខ្ញុំមិនយល់ដូច្នោះទេ។ ខ្ញុំយល់ស្របជាមួយនឹងការបកស្រាយរបស់អាជ្ញាកណ្តាលដែលចេញមកបកស្រាយក្នុងក្របខណ្ឌវិជ្ជាជីវៈ។ នៅពេលដែលបាត់បង់នូវការតបតហើយ គឺចាំបាច់ណាស់ ត្រូវតែសង្គ្រោះ។ នៅពេលដៃគូម្ខាងទៀតបាត់បង់ការតបត បើនៅតែបណ្តោយឲ្យថែមរហូតដល់ម្ខាងស្លាប់ ធ្វើមិចឲ្យតែខាងឈ្នះគឺមិនអាចធ្វើយ៉ាងដូច្នោះទេ។ វាជាអគុណធម៌។ ខ្ញុំសុំឲ្យយោគយល់។ យើងបានផ្តល់ឆន្ទានុសិទ្ធិសម្រាប់អាជ្ញាកណ្តាលដឹកនាំការប្រកួតនេះរួចស្រេចទៅហើយ។ គាត់មានសិទ្ធិដើម្បីធ្វើកិច្ចការងារនេះ។ ប្រសិនបើការប្រកួតនេះ គាត់ចាប់ដៃ ឈឿង ល្វៃ ហើយទុកឲ្យថៃ ជាអ្នកវ៉ៃ នោះបានគាត់ខុស ប៉ុន្តែនៅពេលនេះ ឈឿង ល្វៃ កំពុងវ៉ៃទៅលើកីឡាករថៃដែលកំពុងបាត់បង់ជំហររួចស្រេចទៅហើយនោះ អាចនឹងបង្កការលំបាក អាចដល់ជីវិតក៏អាចថាបាន“៕ ប្រភព៖ កម្ពុជាថ្មី