ខ្សែបម្រើរបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Jude Bellingham ទើបតែបានឈ្នះពានរង្វាន់ Golden Boy កាលពីពេលកន្លងទៅថ្មីៗនេះ ជាមួយនឹងសម្លេងបោះឆ្នោតសរុប 97% ។ កីឡាករវ័យ 20 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Real Madrid ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ បន្ទាប់ពីបានចំណាយពេល 3 រដូវកាលជាមួយក្រុម Borussia Dortmund ។ Bellingham បានស៊ុតបាល់បញ្ចូលទីមិនគួរឱ្យជឿចំនួន 13 គ្រាប់ក្នុងការបង្ហាញខ្លួន 14 ប្រកួតសម្រាប់ម្ចាស់ជើងឯក Champions League 14 សម័យកាលមួយនេះ ។
បើទោះបីជាបានសាងសមិទ្ធផលដ៏ត្រចះត្រចង់ក៏ដោយ អតីតវីរបុរសរបស់ Barcelona លោក Hristo Stoichkov ដែលជាម្ចាស់ពានរង្វាន់ Ballon D’or ឆ្នាំ 1994 បាននិយាយទៅកាន់ Tuttosport ថាបើតាមគំនិតរបស់គាត់អ្នកដែលស័ក្តសមឈ្នះពិតប្រាកដត្រូវបានមើលរំលង ហើយបានបង្ហាញពីភាពខ្វះខាតរបស់ Bellingham ។ ដោយលោកបាននិយាយថា “គាត់មិនស័ក្តសមក្នុងការឈ្នះពានរង្វាន់មួយនេះទេ ខ្ញុំមិនបដិសេធចំពោះសមត្ថភាពរបស់គាត់ឡើយ គាត់គឺជាអ្នកដែលមានទេពកោសល្យខ្លាំងបំផុតក្នុងពិភពលោក ។
សម្រាប់ខ្ញុំគាត់គឺជាការលាយគ្នារវាង Michael Laudrup , Kaka និង Paul Pogba ។ ហើយនៅថ្ងៃខាងមុខគាត់អាចនឹងលេងជាមួយ Haaland ឬក៏ Mbappe ។ ប៉ុន្តែតើគាត់បានឈ្នះអ្វីខ្លះនៅក្នុងឆ្នាំ 2023 នេះទាំងនៅ Borussia Dortmund ក៏ដូចជា Real Madrid ? គឺគ្មានទេ ។ សម្រាប់ខ្ញុំ ខ្ញុំនឹងផ្តល់វាអោយទៅ Jamal Musiala ឬក៏ Alejandro Balde ដែលបានឈ្នះពានរង្វាន់ Laliga និង Spanish Super Cup ជាមួយ Barcelona ។ ចុះអ្នកគាំទ្រយើងវិញយល់ស្របតាមគំនិតរបស់លោក Hristo Stoichkov ដែរឬទេ ?