អតីតវីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Gary Neville បានហៅ Mason Mount ថាជាមនុស្សអរូប រឺជាកីឡាករដែលមិនបានរួមចំណែកអ្វីសោះនៅលើទីលានប្រកួត។
លោកបាននិយាយបែបនេះ បន្ទាប់ពីការបង្ហាញទម្រង់លេងមិនសូវល្អរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នៅក្នុងអំឡុងពេលនៃការប្រកួតដែលបិសាចក្រហមបានចាញ់ Tottenham Hotspur 2 ទល់នឹង 0 កាលពីថ្ងៃសៅរ៍កន្លងទៅ។
យ៉ាងណាមិញ Gary Neville បានអំពាវនាវឲ្យ Erik ten Hag ស្តារស្ថានភាពរបស់ Scott McTominay ឡើងវិញ និងព្យាយាមដាក់ខ្សែបម្រើរូបនេះឲ្យចូលលេង។
ជាការពិត កាលពីប្រកួតទល់នឹង Tottenham Hotspur នៅតំបន់បម្រើរបស់បិសាចក្រហមស្ទើរតែត្រូវបានកាត់ផ្ដាច់ទាំងស្រុង ខណៈដែល James Maddison និង Yves Bissouma បានរ៉ាប់រងតួនាទីយ៉ាងល្អ ទាំងការលេងជាបម្រើប្រយុទ្ធ និងបម្រើការពារ។
ដោយឡែកសម្រាប់ Mason Mount ដែលជាម្ចាស់អាវលេខ 7 ថ្មីរបស់បិសាចក្រហម បានចូលលេងទាំងពីរប្រកួតដំបូងរបស់ក្លឹប ហើយគ្រូបង្វឹកលោក Erik ten Hag បានឲ្យ McTominay អង្គុយនៅកៅអីបម្រុង។
ពាក់ព័ន្ធនឹងរឿងនេះដែរ Gary Neville មានអារម្មណ៍ថា McTominay មានតម្លៃក្នុងការ ជួយដោះស្រាយបញ្ហាខ្សែបម្រើកណ្តាលរបស់បិសាចក្រហមបាន។
Gary Neville បានប្រាប់ទៅកាន់ Sky Sports ថា៖ “McTominay ត្រូវបង្ខំចិត្តអង្គុយនៅកៅអីបម្រុងក្នុងការប្រកួតទាំងពីរលើកដំបូង ស្របពេលដែលថ្ងៃនេះ Mason Mount បានក្លាយជាមនុស្សអរូបទៅហើយ។
អ្វីដែលច្បាស់បំផុតមួយ រឺលើសពីនេះ គឺខ្សែបម្រើរបស់ Manchester United ត្រូវការការពង្រឹងបន្ថែម។ នោះប្រហែលជាមានន័យថា Erik ten Hag ត្រូវតែត្រឡប់ទៅយក Scott McTominay មកប្រើប្រាស់នៅតំបន់បម្រើវិញ”។ ប្រភព: Dailypost NG